វៀតណាមអះអាងថា ផែនការធ្វើកំណែទម្រង់រដ្ឋបាលដ៏សំខាន់របស់ខ្លួននឹងមិនប៉ះពាល់ដល់ការអនុម័តគម្រោងនោះទេ

រដ្ឋាភិបាលវៀតណាម បានអះអាងនៅថ្ងៃសុក្រទី២០ ខែធ្នូថា ផែនការធ្វើកំណែទម្រង់រដ្ឋបាលដ៏សំខាន់របស់ខ្លួននឹងមិនប៉ះពាល់ដល់ការអនុម័តគម្រោងនោះទេ ចំពេលមានការព្រួយបារម្ភពីវិនិយោគិនថា កំណែទម្រង់អាចនាំឱ្យមានការពន្យារពេលក្នុងប៉ុន្មានខែខាងមុខ។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ គឺជាមជ្ឈមណ្ឌលឧស្សាហកម្មក្នុងតំបន់ដ៏សំខាន់ ខណៈប្រទេសក្បែរខាងកម្ពុជាមួយនេះ បាននិងកំពុងរៀបចំផែនការកំណែទម្រង់ការិយាធិបតេយ្យដ៏កក្រើកបំផុតរបស់ខ្លួន ដែលជាការរុះរើដ៏ធំក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នៅក្នុងសំណើបច្ចុប្បន្ន នៃកំណែទម្រង់នេះ នឹងពាក់ព័ន្ធការកាត់បន្ថយចំនួនស្ថាប័នរដ្ឋជាច្រើន រួមទាំងការលុបចោលក្រសួងចំនួន៥ ទីភ្នាក់ងាររដ្ឋាភិបាលចំនួន៤ និងប៉ុស្តិ៍ទូរទស្សន៍រដ្ឋចំនួន៥។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី ផាម ធូហ័ង បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ នឹងមិនប៉ះពាល់ដល់ការអនុវត្តនីតិវិធី និងដំណើរការវិនិយោគក្នុងប្រទេសវៀតណាមទេ ពីព្រោះមុខងារគ្រប់គ្រងរដ្ឋនៅតែមិនផ្លាស់ប្ដូរ»។
លោកស្រីបានបន្ថែមថា៖«ទន្ទឹមនឹងដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញ វៀតណាមបន្តមានបទប្បញ្ញត្តិរឹងមាំស្តីពីការសម្រួលដំណើរការវិនិយោគ ដើម្បីបង្កភាពងាយស្រួលដល់ប្រតិបត្តិការរបស់សហគ្រាសបរទេសនៅវៀតណាមក្នុងរយៈពេលវែង»។
វិនិយោគិន អ្នកការទូត និងមន្ត្រី បានទទួលយកចំពោះកំណែទម្រង់ដែលត្រូវបានរៀបចំឡើង ដើម្បីកាត់បន្ថយការិយាធិបតេយ្យ ខណៈមនុស្សជាច្រើនរំពឹងថា ការណ៍នេះនឹងពន្យារពេលរដ្ឋបាលនៅប៉ុន្មានខែខាងមុខ។ មែនទែនទៅ ប្រទេសកុម្មុយនីស្ដមួយនេះ ពឹងផ្អែកយ៉ាងខ្លាំងលើការវិនិយោគពីបរទេសក្នុងការផលិត ដើម្បីជំរុញសេដ្ឋកិច្ចផ្តោតលើការនាំចេញដែលកំពុងរីកចម្រើនរបស់ខ្លួន។ យ៉ាងណា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការអាក់អន់ស្រពន់ចិត្តរបស់វិនិយោគិន បានកើនឡើងកាន់តែខ្លាំង ដោយសារការពន្យារពេលក្នុងការអនុម័តគម្រោង និងកំណែទម្រង់បទប្បញ្ញត្តិដែលពាក់ព័ន្ធនឹងយុទ្ធនាការប្រឆាំងអំពើពុករលួយដ៏ធំទូលាយ៕

