ផែនការគ្រោងរៀបចំការបោះឆ្នោត របស់របបយោធាកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថា នឹងត្រូវលើកយកមកជជែក ក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងសមភាគីមកពីបណ្តាប្រទេសជិតខាង

បាងកក៖ ផែនការរបស់របបយោធាកំពុងកាន់អំណាចនៅមីយ៉ាន់ម៉ា ដែលគ្រោងរៀបចំការបោះឆ្នោតចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា ត្រូវបានគេរំពឹងថា នឹងត្រូវលើកយកមកជជែកដេញដោលនៅក្នុងកិច្ចពិភាក្សានៅថ្ងៃព្រហស្បតិ៍ទី១៩ ខែធ្នូនេះ រវាងរដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា និងសមភាគីមកពីបណ្តាប្រទេសជិតខាងផ្សេងៗ។ នេះបើយោងតាមប្រភពចំនួនបីបានទម្លាយចេញ។
ថៃកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់តំបន់ចំនួនពីរដាច់ដោយឡែកពីគ្នា ជុំវិញវិបត្តិនៅមីយ៉ាន់ម៉ាក្នុងសប្តាហ៍នេះ ហើយក៏ជាលើកដំបូងដែលមានការចូលរួមពីប្រទេសជាប់របងព្រំដែនជាមួយមីយ៉ាន់ម៉ាដូចជា៖ ប្រទេសចិន បង់ក្លាដែស និងឥណ្ឌា បន្ទាប់មកក៏មានសមាជិកនៃប្លុកក្នុងតំបន់អាស៊ានផងដែរ។ មែនទែនទៅ កិច្ចពិភាក្សានេះ ធ្វើឡើងស្របពេលដែលម៉ាឡេស៊ីនឹងចូលកាន់តំណែងជាប្រធានអាស៊ានប្ដូររវេននៅឆ្នាំក្រោយ បន្ទាប់ពីសមាជិកទាំង១០ប្រទេស បានបរាជ័យក្នុងការអនុវត្តផែនការសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈភ្លើងជម្លោះកាន់តែកើនឡើងកំពុងប៉ះពាល់ដល់ប្រទេសជិតខាងផ្សេងៗផងដែរ។
ទោះបីជាកំពុងប្រឈមនឹងសេដ្ឋកិច្ចដួលរលំ និងគណបក្សនយោបាយរាប់សិបត្រូវបានហាមឃាត់ក៏ដោយ ក៏របបយោធាកំពុងជំរុញឱ្យរៀបចំការបោះឆ្នោតនៅឆ្នាំ២០២៥។ ប្រភពចំនួនបីដែលបានដឹងរឿង បានទម្លាយថា បញ្ហានេះត្រូវបានគេរំពឹងថា នឹងកើតឡើងនៅក្នុងកិច្ចពិភាក្សានៅរាជធានីបាងកក នៅថ្ងៃព្រហស្បតិ៍ ដែលចូលរួមដោយរដ្ឋមន្ត្រីការបរទេសតែងតាំងដោយកងទ័ពរបស់មីយ៉ាន់ម៉ា គឺ លោក ថាន់ ស្វេ (Than Swe)។ ជាមួយគ្នា ប្រភពមួយបានអះអាងថា៖«មីយ៉ាន់ម៉ាចង់រៀបចំការបោះឆ្នោត។ ពួកគេចង់បានភាពស្របច្បាប់»។ ទន្ទឹមនឹងនេះ ចិនដែលរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធា បានសម្ដែងការគាំទ្រសម្រាប់ការផ្លាស់ប្ដូររនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងការបោះឆ្នោតឆ្នាំ២០២៥ ខណៈមេដឹកនាំប្រទេសថៃបានអំពាវនាវឱ្យមានការចូលរួមជាមួយរដ្ឋធានីណៃពិដោ មុនការបោះឆ្នោតដែលបានគ្រោងទុក ត្រូវបានធ្វើឡើង។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេច បាឡានគូរ៉ា (Nikorndej Balankura) នៅសប្តាហ៍នេះបាននិយាយថា កិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ នឹងក្លាយជាការពិគ្រោះយោបល់ក្រៅផ្លូវការ ស្តីពីសន្តិសុខព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែន។ លោកបន្តថា នៅថ្ងៃសុក្រ សមាជិកអាស៊ាននឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងជាឯកច្ឆន្ទប្រាំចំណុចរបស់ប្លុកសម្រាប់សន្តិភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ គួរជម្រាបថា មីយ៉ាន់ម៉ាស្ថិតក្នុងភាពចលាចលចាប់តាំងពីដើមឆ្នាំ២០២១ នៅពេលដែលយោធាផ្តួលរំលំរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោត និងបង្ក្រាបលើការបន្តការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានការបះបោរប្រដាប់អាវុធទូទាំងប្រទេស។

