ក្រុមអ្នកជួយសង្គ្រោះនៅវ៉ានូទូ កំពុងស្វែងរកមនុស្សដែលបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៤វិចទ័រ វាយប្រហាររដ្ឋធានីព័រវីឡា របស់ប្រទេសប៉ាស៊ីហ្វិក

ព័រវីឡា៖ ក្រុមអ្នកជួយសង្គ្រោះនៅវ៉ានូទូ បាននិងកំពុងខ្នះខ្នែងស្វែងរកមនុស្សដែលបាត់ខ្លួន បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧,៤វិចទ័រ វាយប្រហាររដ្ឋធានីព័រវីឡារបស់ប្រទេសប៉ាស៊ីហ្វិកមួយនេះ កាលពីថ្ងៃទី១៧ធ្នូ ដោយបានសម្លាប់មនុស្ស១៤នាក់ និងបំផ្លាញអាងស្តុកទឹក អគារពាណិជ្ជកម្ម ស្ថានទូត និងមន្ទីរពេទ្យជាច្រើនទៀត។
មន្ត្រីកាកបាទក្រហមម្នាក់បានសរសេរនៅលើកម្មវិធី X ដោយដកស្រង់សម្តីរបស់រដ្ឋាភិបាលវ៉ានូទូថា យ៉ាងហោចណាស់មនុស្ស២០០នាក់កំពុងត្រូវបានព្យាបាលរបួសនៅមន្ទីរពេទ្យធំរបស់រដ្ឋធានី និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រផ្សេងទៀត ជាមួយនឹងការស្លាប់ចំនួន១៤នាក់ ដែលត្រូវបានបញ្ជាក់។
លោកស្រី ខេធី ហ្គ្រីនវូដ (Katie Greenwood) ប្រធានគណៈប្រតិភូសម្រាប់ប៉ាស៊ីហ្វិកនៅសហព័ន្ធអន្តរជាតិនៃកាកបាទក្រហម និងអឌ្ឍចន្ទក្រហម បានឱ្យដឹងថា ក្រុមសង្គ្រោះនៅតែបន្តជួយសង្គ្រោះអ្នកដែលនៅជាប់គាំងបន្ទាប់ពីការរញ្ជួយដី ហើយការយកចិត្តទុកដាក់ប្រែទៅជាតម្រូវការបន្ទាន់ដូចជាការផ្ដល់ជំនួយដំបូង ទីជម្រក និងទឹក។ ប៉ូលិសវ៉ានូអាទូបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា មានអ្នកស្លាប់ និងរបួសជាច្រើននាក់ តែមិនបានបញ្ជាក់ពីចំនួនលម្អិតនោះទេ។ ទូរទស្សន៍ជាតិ VBTC បានបង្ហាញមនុស្សតម្រង់ជួរសម្រាប់ប្រេងឥន្ធនៈ និងសម្ភារសំខាន់ៗនៅព្រឹកថ្ងៃពុធនេះ។ កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបន្ត នៅឯអគារមួយក្នុងចំណោមអគារដែលដួលរលំ គឺ Billabong House ជាកន្លែងមនុស្សបានជាប់នៅក្រោមគំនរបាក់បែក។
វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីរថយន្តដែលជាប់នៅក្រោមកម្ទេចកម្ទី ផ្ទាំងថ្មរាយប៉ាយពេញផ្លូវហាយវេ និងការរអិលបាក់ដីនៅជិតចំណតដឹកជញ្ជូនអន្តរជាតិព័រវីឡា។ សសរបេតុងនៅអគារបម្រើបេសកកម្មបរទេសក្នុងរដ្ឋធានី រួមទាំងស្ថានទូតសហរដ្ឋអាម៉េរិក អង់គ្លេស បារាំង និងនូវែលសេឡង់ បានដួលរលំនៅក្នុងការរញ្ជួយដីដ៏ខ្លាំងនេះ។
តង់បណ្តោះអាសន្នត្រូវបានបង្កើតឡើងនៅខាងក្រៅមន្ទីរពេទ្យព័រវីឡា ដើម្បីទប់ទល់នឹងរំហូរនៃអ្នកជំងឺ។ អាកាសយានដ្ឋានអន្តរជាតិព័រវីឡា នឹងត្រូវបិទសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មរយៈពេល៧២ម៉ោង ដើម្បីអនុញ្ញាតឱ្យយន្តហោះពេទ្យ និងសង្គ្រោះបន្ទាន់ចុះចត។
ក្រោយមកការរញ្ជួយដីតូចៗជាច្រើន រួមទាំងការរញ្ជួយដីកម្រិត៦,១វិចទ័រ បានវាយប្រហារប្រទេសវ៉ានូអាទូពេញមួយយប់។ នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ឆាឡុត សាលវៃ (Charlot Salwai) បានលើកឡើងថា គណៈកម្មាធិការគ្រោះមហន្តរាយជាតិបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងដាក់បម្រាមគោចររយៈពេល៧ថ្ងៃនៅក្នុងតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ទន្ទឹមនោះ ប្រទេសនេះក៏បានអំពាវនាវរកជំនួយអន្តរជាតិផងដែរ។ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក រីឆាដ ម៉ាលស៍ (Richard Marles) បានឲ្យដឹងថា យន្តហោះយោធា២គ្រឿងនឹងហោះហើរទៅកាន់ប្រទេសវ៉ានូទូ នៅព្រឹកថ្ងៃពុធ ជាមួយនឹងក្រុមជំនួយវេជ្ជសាស្ត្រ និងក្រុមស្វែងរក និងជួយសង្គ្រោះ។
លោកបានប្រាប់វិទ្យុ ABC ថានេះជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយ ហើយយើងមានការព្រួយបារម្ភជាខ្លាំង។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មនុស្ស ១១៦,០០០នាក់ ឬប្រហែលមួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេស បានរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដីនេះ។

