រាជរដ្ឋាភិបាលកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ជានិច្ចដល់កងកម្លាំង និងមន្ត្រីរាជការ ទោះបីស្ថានភាពសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក មានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ

ភ្នំពេញ៖ “រាជរដ្ឋាភិបាលកម្ពុជា តែងតែបន្តយកចិត្តទុកដាក់ជានិច្ចដល់កងកម្លាំង និងមន្ត្រីរាជការរបស់យើង ទោះបីជាស្ថានភាពសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់ និងពិភពលោក មានភាពមិនប្រាកដប្រជាយ៉ាងណាក៏ដោយ។” នេះជាសម្រង់ប្រសាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក្នុងកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ នាព្រឹកនេះ។
នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នទាំងអស់ ពិនិត្យ និងពិភាក្សាលើការរៀបចំដំឡើងប្រាក់បំណាច់មុខងារ និងប្រាក់ឧបត្ថម្ភសម្រាប់មន្ត្រីរាជការក្នុងឆ្នាំ២០២៥ នៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល។ កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីជំនាញបច្ចេកទេសក្រសួងមុខងារសាធារណៈ ដោយបានពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យចំនួន៩។
ក្រោយបានស្តាប់បទបង្ហាញ និងពិនិត្យទៅលើសេចក្តីព្រាងអនុក្រឹត្យនីមួយៗ តំណាងក្រសួង ស្ថាប័ន បានសម្តែងការគាំទ្រលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យដែលបានតាក់តែង ព្រមទាំងបានថ្លែងអំណរគុណដល់ក្រុមការងារដែលបានរៀបចំយ៉ាងល្អិតល្អន់ គ្រប់ជ្រុងជ្រោយ។
ឆ្លើយតបការលើកឡើងរបស់អង្គប្រជុំ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំខ្លឹមសារនានានៃសេចក្តីព្រាងបានល្អ ហើយអាចសម្រេចការងារបានល្អ និងឆាប់រហ័សប្រកដោយប្រសិទ្ធភាពបែបនេះ គឺដោយសារមានការចូលរួមសហការប្រកបដោយបុរេសកម្មពីសំណាក់ក្រុមការងារ និងក្រសួង ស្ថាប័ន ក្នុងជវភាពប្រព័ន្ធតួអង្គតែមួយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា “សេចក្តីព្រាងអនុក្រឹត្យនេះ បានបង្ហាញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកងកម្លាំង ក៏ដូចជាមន្ត្រីរាជការស៊ីវិលគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារ ដើម្បីជាតិ មាតុភូមិ ទោះបីជាស្ថានភាពសង្គមសេដ្ឋកិច្ចនៅក្នុងតំបន់ និងលើពិភពលោក តែងតែមានការប្រៃប្រួល និងមិនទាន់មានភាពប្រាកដប្រជាយ៉ាងណាក៏ដោយ។”
សូមជម្រាបថា ក្រោយកិច្ចប្រជុំនាព្រឹកនេះ ក្រុមការងារនឹងកែសម្រួលខ្លឹមសារចាំបាច់តាមការចូលរួមជាមតិយោបល់របស់អង្គប្រជុំ ដើម្បីបន្តនីតិវិធី និងគោរពដាក់ជូនប្រមុខរាជរដ្ឋាភិបាលដើម្បីពិនិត្យ និងសម្រេច ៕

