ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅរដ្ឋធានីដាម៉ាស ត្រូវបានវាយប្រហារ បន្ទាប់ពីក្រុមឧទ្ទាមចូលគ្រប់គ្រងរដ្ឋធានីមួយនេះ

ដាម៉ាស៖ ស្ថានទូតអ៊ីរ៉ង់ប្រចាំនៅរដ្ឋធានីដាម៉ាស ប្រទេសស៊ីរី នៅថ្ងៃអាទិត្យនេះ ត្រូវបានវាយប្រហារដោយក្រុមប្រដាប់អាវុធមួយ បន្ទាប់ពីក្រុមឧទ្ទាមស៊ីរីបានវាយយករដ្ឋធានីមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។
ការវាយប្រហារនេះ បានកើតឡើងបន្ទាប់ពីរដ្ឋាភិបាលស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ បានដួលរលំ។
ប្រព័ន្ធផ្សព្វផ្សាយអារ៉ាប់ និងអ៊ីរ៉ង់បានចែករំលែកវីដេអូ ដែលបង្ហាញពីការវាយប្រហារ ទៅលើស្ថានទូតអ៊ីរ៉ង់នៅរដ្ឋធានីដាម៉ាស។ វីដេអូនោះ បានបង្ហាញពីក្រុមជនវាយប្រហារ កំពុងបំផ្លាញគ្រឿងសង្ហារឹម និងឯកសារនៅក្នុងស្ថានទូត។
ទោះជាយ៉ាងណា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានបញ្ជាក់ថា ក្រុមដែលវាយប្រហារនោះមិនជាក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ដែលកំពុងគ្រប់គ្រងស៊ីរីនោះទេ។
ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ បានរាយការណ៍ថា ស្ថានទូតអ៊ីរ៉ង់ និងហាងលក់ទំនិញមួយកន្លែង នៅក្បែរនោះ ត្រូវបានក្រុមប្រដាប់អាវុធវាយប្រហារ។ ក្រុមប្រដាប់អាវុធនោះ មិនមែនជាក្រុម Hayat Tahrir al-Sham (HTS) ដែលកំពុងគ្រប់គ្រងភាគច្រើន នៃប្រទេសស៊ីរីនោះទេ។
សូមបញ្ជាក់ថា អ៊ីរ៉ង់បានប្រកាសថា ខ្លួនបានជម្លៀសគ្រួសារ នៃបុគ្គលិកស្ថានទូត ប៉ុន្តែមន្ត្រីការទូតនៅតែស្ថិតនៅក្នុងប្រទេសស៊ីរីដដែល ដោយបានបញ្ជាក់ថា ស្ថានទូតនៅតែបើក និងមានមន្ត្រីការទូត កំពុងបំពេញការងារ។ ទន្ទឹមគ្នានេះ អ៊ីរ៉ង់ក៏បានបដិសេធរបាយការណ៍ ដែលថាខ្លួនកំពុងដកទីប្រឹក្សាយោធាចេញពីប្រទេសស៊ីរីផងដែរ។
