ទាហានវៀតណាម ១២នាក់បានស្លាប់ ក្នុងការផ្ទុះដោយចៃដន្យមួយ ខណៈកំពុងហ្វឹកហាត់ នៅភាគខាងត្បូងប្រទេសវៀតណាម

ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម បានរាយការណ៍កាលពីយប់ថ្ងៃទី៤ ខែធ្នូថា ទាហានចំនួន១២នាក់បានស្លាប់នៅក្នុងការផ្ទុះដោយចៃដន្យមួយ ខណៈពេលកំពុងហ្វឹកហាត់នៅភាគខាងត្បូងប្រទេសវៀតណាម។
ទីភ្នាក់ងារសារព័ត៌មានវៀតណាមផ្លូវការបានរាយការណ៍ថា ការបំផ្ទុះកើតឡើងកាលពីយប់ថ្ងៃចន្ទ នៅឯកន្លែងហ្វឹកហាត់បាញ់ប្រហារយោធានៃតំបន់យោធាទី៧ ក្នុងខេត្តចង្វាត្រពាំង(Dong Nai)កម្ពុជាក្រោម។
របាយការណ៍បន្តថា សាកសពជនរងគ្រោះភាគច្រើនត្រូវបានរកឃើញ ខណៈអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួន។ របាយការណ៍បន្ថែមថា ការស៊ើបអង្កេតដំបូងបានបង្ហាញថា ឧបករណ៍បំផ្ទុះដែលត្រូវបានដឹកដោយទាហានត្រូវបានរន្ទះបាញ់ បណ្តាលឱ្យមានការផ្ទុះកើតឡើង។ របាយការណ៍បានដកស្រង់សម្តីក្រសួងការពារជាតិថា៖«នេះជាការបាត់បង់ដែលមិនអាចប៉ះប៉ូវបានសម្រាប់អង្គភាពយោធា គ្រួសារ សាច់ញាតិ សមមិត្ត និងមិត្តរួមក្រុម»៕
