ស្វាគមន៍ការមកដល់នៃទូរថភ្លើងដឹកទំនិញចំនួន ៦០គ្រឿងបន្ថែម ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកជញ្ជូនតាមផ្លូវដែក

ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះបានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។
នេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង របស់ក្រុមហ៊ុនក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ។ ចំពោះដំណាក់កាលទីពីរ មានចំនួន ៣៥ គ្រឿងរំពឹងថានឹងមកដល់ក្នុងសប្តាហ៍ទី២-៣ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់មកការដឹកជញ្ជូន ៤៥គ្រឿងទៀតដែលគ្រោងនឹងដាក់ក្នុងខែមករា ឆ្នាំ២០២៥ នឹងបន្តមកដល់ជាបន្តបន្ទាប់ទៀតនៅប៉ុន្មានខែបន្ទាប់ ៕



