នគរបាលប្រើឡានទឹកអស់ ៦៣គ្រឿង ទើបគ្រប់គ្រងបានទាំងស្រុង ក្រោយឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែនមួយកន្លែង នៅខណ្ឌច្បារអំពៅ
ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែនមួយកន្លែង បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់។
ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៣៖២៥នាទីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតចំណុចឃ្លាំងលក់គ្រឿងសម្ភារសម្រាប់សែន យីហោ លី ប៉េងស្រ៊ុន នៅតាមផ្លូវ៣៦៣ កែងផ្លូវ៦៣៨ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ, លោកបានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគ្រប់បណ្តាលគោលដៅទាំងអស់ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។
នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦៣គ្រឿង ក្នុងនោះរួមមាន៖ រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន១៦គ្រឿង ប្រើប្រាស់ទឹកអស់៤៨ឡាន ស្មើនឹង១៩២ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើនឹង០៤ម៉ែត្រគូប, រថយន្តទីក្រុងកោះពេជ្រ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៦ឡាន ស្មើនឹង៣២ម៉ែត្រគូប, រថយន្តទីក្រុងនរាចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មើនឹង១២ម៉ែត្រគូប, រថយន្តរបស់សាលាខណ្ឌច្បារអំពៅចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង៤ម៉ែត្រគូប និងរថយន្តរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន ស្មើនឹង០៦ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺដែកប្រក់ស័ង្កសី ទំហំ (២០ម៉ែត្រ x ២០ម៉ែត្រ) ឆេះឃ្លាំងដែកប្រក់ស័ង្កសីចំនួន០១ឃ្លាំង, ម៉ូតូចំនួន១គ្រឿង រួមទាំងគ្រឿងសម្ភារសែនអស់ទាំងស្រុង ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើង ធ្វើការបាញ់ឲ្យរលត់ទៅវិញនៅវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃខែឆ្នាំដដែល។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានស្រាវជ្រាវរកឃើញថា គឺបណ្តាលឲ្យមកពីការឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ ដោយឡែកនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មិនបានបណ្តាលឲ្យអ្នកណាម្នាក់ រងរបួសក្នុងគ្រោះអគ្គិភ័យខាងលើនេះឡើយ។
ជាចុងក្រោយ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ដោយសារតែខែនេះជារដូវធ្លាក់ខ្យល់ ដូច្នេះចំពោះករណីអគ្គិភ័យអាចងាយរងគ្រោះបំផុត។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា មុនពេលចាកចេញពីលំនៅដ្ឋាន ត្រូវពិនិត្យមើលឲ្យបានច្បាស់លាស់នូវឆ្លងចរន្តអគ្គីសនី, ភ្លើងធូប, ភ្លើងទាន ជាពិសេសនោះ គឺត្រូវបិទប៉ារែងភ្លើងឲ្យបានត្រឹមត្រូវមុនចាកចេញផងដែរ ៕