ស្លាប់២០ នាក់ ក្នុងការ វាយ ប្រហារ នៅ ប៉ាគីស្ថាន ត្រឹម ២៤ ម៉ោង

អ៊ីស្លាម៉ាបាដ៖ បើតាមរបាយការណ៍ពីយោធាកាលពីថ្ងៃពុធទី២០ ខែវិច្ឆិកា ការវាយប្រហារដោយគ្រាប់បែកអត្តឃាតនៅភាគពាយព្យនៃប្រទេសប៉ាគីស្ថាន បានសម្លាប់ទាហានចំនួន១២នាក់ ខណៈការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយផ្សេងទៀត បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់នៅក្នុងតំបន់តែមួយ ជាប់ព្រំដែនអាហ្គានីស្ថាន។
កងទ័ពប៉ាគីស្ថាន បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតឡើងកាលពីថ្ងៃអង្គារ ហើយបានផ្តាច់ជីវិតទាហានចំនួន១២នាក់។ កងទ័ពបានបន្ថែមថា ពួកសកម្មប្រយុទ្ធ៦នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារស្រោចគ្រាប់កាំភ្លើងដាក់គ្នា មុនពេលការវាយប្រហារគ្រាប់បែកអត្តឃាតនៅទីក្រុង Bannu ក្នុងខេត្ត Khyber Pakhtunkhwa កើតឡើង។
ជុំវិញបញ្ហានេះ ក្រុមប្រដាប់អាវុធតាលីបង់ប៉ាគីស្ថាន Hafiz Gul Bahadur បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ ដោយឡែក ប្រធានាធិបតីប៉ាគីស្ថានលោក អាស៊ីហ្វ អាលីហ្សាដារី បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទុក្ខព្រួយរបស់លោក និងការតាំងចិត្តរបស់លោក គឺការលុបបំបាត់ចោលនូវបណ្តាសានៃអំពើភេរវកម្ម ខណៈរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ប៉ូហ៍ស៊ីន ម៉ាកវី (Mohsin Naqvi) បានថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារដ៏សាហាវនេះ។
មន្ត្រីបានអះអាងថា ការប៉ះទង្គិចគ្នាកាលពីថ្ងៃចន្ទ បានអូសបន្លាយជាច្រើនម៉ោង ហើយបណ្តាលឱ្យស្លាប់ទាហានប្រាំបីនាក់ និងពួកសកម្មប្រយុទ្ធប្រាំបួននាក់នៅក្នុងតំបន់ Tirah នៃខេត្តដដែលនោះ។
ទន្ទឹមគ្នានេះ មន្ត្រីប៉ូលិសជាន់ខ្ពស់ លោក មូហាម៉ាដ ហ្សៀអូដឌីន (Muhammad Zia ud-Din) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖«ប៉ូលិសដែលត្រូវបានចាប់ជំរិតទាំងអស់ ត្រូវបានដោះលែង បន្ទាប់ពីកិច្ចចរចាជោគជ័យដែលដឹកនាំដោយព្រឹទ្ធាចារ្យក្នុងតំបន់ជាមួយពួកសកម្មប្រយុទ្ធ»។
សូមជម្រាបថា ក្រុម Tehreek-e-Taliban Pakistan (TTP) ដែលគេស្គាល់ថាជាតាលីបង់ប៉ាគីស្ថាន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនោះ។ មែនទែនទៅ TTP គឺផ្សេងពីក្រុម Hafiz Gul Bahadur ប៉ុន្តែក្រុមទាំងពីរបានការគាំទ្រដោយក្រុមតាលីបង់អាហ្គានីស្ថាននៅក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមចម្រុះណាតូ ដែលដឹកនាំដោយសហរដ្ឋអាម៉េរិកចាប់តាំងពីឆ្នាំ២០០១៕

