ចិន និងប្រេស៊ីល ដំឡើងកម្រិតស្ថានភាពទំនាក់ទំនងការទូត និងឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម

ប្រាស៊ីលីយ៉ា៖ កាលពីថ្ងៃពុធទី២០វិច្ឆិកា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីប្រេស៊ីល លោក លូអ៊ីស អ៊ីណាស៊ីយ៉ូ លូឡា ដា ស៊ីលវ៉ា បានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពនៃទំនាក់ទំនងការទូត និងបានឈានដល់កិច្ចព្រមព្រៀងស្តីពីហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងកសិពាណិជ្ជកម្ម ដោយរឹតបន្តឹងចំណងទំនាក់ទំនងរវាងប្រទេស ដែលមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍធំជាងគេចំនួនពីររបស់ពិភពលោក។
ដំណើរទស្សនកិច្ចផ្លូវរដ្ឋក្នុងរដ្ឋធានីប្រេស៊ីលីយ៉ា បានបិទបញ្ចប់ដំណើរទស្សនកិច្ចថ្នាក់តំបន់ ដោយលោក ស៊ី ដោយបង្ហាញពីឥទ្ធិពលការទូតដែលកំពុងកើនឡើងរបស់រដ្ឋធានីប៉េកាំង ក្នុងអំឡុងពេលការផ្លាស់ប្ដូររដ្ឋាភិបាលដ៏លំបាកនៅរដ្ឋធានីវ៉ាស៊ីនតោន។
លោក ស៊ី និងលោក លូឡា បានលើកឡើងព្រមគ្នាថា៖«ទំនាក់ទំនងចិន-ប្រេស៊ីល បានក្លាយទៅជាសហគមន៍ដែលមានអនាគតរួមគ្នា សម្រាប់ពិភពលោកកាន់តែយុត្តិធម៌ និងភពផែនដីប្រកបដោយនិរន្តរភាព»។
មេដឹកនាំទាំង ២ ក៏បានយល់ព្រមស្វែងរកការរួមផ្សំគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិន និងកម្មវិធីអភិវឌ្ឍន៍ប្រេស៊ីល បន្ទាប់ពីលោក លូឡា បដិសេធកាលពីឆ្នាំមុន ក្នុងការរួមបញ្ចូលប្រេស៊ីលជាផ្លូវការនៅក្នុងយុទ្ធសាស្ត្រវិនិយោគហេដ្ឋារចនាសម្ព័ន្ធសកលរបស់ប្រទេសចិន។
លោក លូឡា និយាយថា ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជិត៤០ ក្នុងវិស័យសេដ្ឋកិច្ចពីកសិកម្ម និងថាមពលពន្លឺព្រះអាទិត្យ រហូតដល់ទំនាក់ទំនង និងថាមពលនុយក្លេអ៊ែរ ដោយពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរជាមួយនឹងពាណិជ្ជកម្មទ្វេភាគីជាង១៥០ពាន់លានដុល្លារ។
ដោយឡែក លោក ស៊ី បាននិយាយថា៖«ទំនាក់ទំនងចិន-ប្រេស៊ីល ឥឡូវនេះ គឺជាពេលវេលាដ៏ល្អបំផុតរបស់ពួកគេដែលមិនធ្លាប់មាន ដោយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើឱ្យប្រជាជាតិទាំង២ ជាដៃគូមាស»។
លោក ស៊ី បានប្រើពាក្យថា សហគមន៍ជាមួយអនាគតរួមគ្នា ដើម្បីបង្ហាញជាផ្លូវការនូវអ្វីដែលរដ្ឋធានីប៉េកាំងមើលឃើញថា ជាទំនាក់ទំនងទ្វេភាគីជាវិជ្ជមាន និងទូលំទូលាយជាមួយប្រទេសដែលចែករំលែកផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដូចជាវៀតណាមជាដើម។
ក្រសួងកសិកម្មរបស់ប្រទេសប្រេស៊ីល បានអបអរសាទរសក្តានុពលសម្រាប់ការនាំចេញថ្មីចំនួន៤៥០លានដុល្លារទៅកាន់ប្រទេសចិន ខណៈកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីបានបើកទីផ្សាររបស់ខ្លួនសម្រាប់ផលិតផលកសិកម្ម ទំពាំងបាយជូស្រស់ ល្ង និងអាហារត្រី។
ក្នុងអំឡុងពេលកិច្ចប្រជុំរបស់លោក លូឡា និងលោក ស៊ី កាលពីថ្ងៃពុធ ក្រុមហ៊ុនផ្កាយរណបរបស់ចិន SpaceSail មានបំណងប្រកួតប្រជែង Starlink របស់លោក អេឡុន ម៉ាស (Elon Musk) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយទូរគមនាគមន៍រដ្ឋរបស់ប្រេស៊ីល Telebras ដើម្បីចូលទៅក្នុងទីផ្សារប្រេស៊ីល។ ធនាគាររដ្ឋរបស់ប្រេស៊ីល BNDES បានរៀបចំសម្រាប់ប្រាក់កម្ចីចំនួន៦៩០លានដុល្លារពីធនាគារអភិវឌ្ឍន៍ចិន ដែលជាប្រតិបត្តិការដំបូងគេក្នុងរូបិយបណ្ណចិន៕

