រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការមួយគ្រប់គ្រង ដើម្បីរក្សាបានតម្លាភាព និងភាពត្រឹមត្រូវ នៃការប្រើប្រាស់ថវិកា លើការកសាងផ្លូវក្រវាត់តាមព្រំដែន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ការកសាងផ្លូវក្រវាត់តាមព្រំដែន រាជរដ្ឋាភិបាល នឹងបង្កើតគណៈកម្មការ ដើម្បីរៀបចំការចំណាយថវិកា ក្នុងការសាងសង់ ឲ្យមានភាពច្បាស់លាស់ និងត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពលម្អិតអំពីការចំណាយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត, មកដល់ពេលនេះ មូលនិធិសាងសង់ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ទទួលបានថវិកាសរុបប្រមាណ១៩លានដុល្លារ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គណៈកម្មាធិការគ្រប់គ្រង នឹងផ្សព្វផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋ អំពីគម្រោងដែលត្រូវធ្វើ ហើយប្រជាពលរដ្ឋ អាចទៅមើលផ្ទាល់តែម្ដងក៏បាន ថាបានធ្វើឬក៏អត់ និងធ្វើបានប៉ុន្មានហើយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កិច្ចការដែលរាជរដ្ឋាភិបាល ត្រូវធ្វើដើម្បីការពារទឹកដី រួមមាន៖ បន្តបោះបង្គោលព្រំដែន ជាមួយប្រទេសជិតខាងឲ្យចប់សព្វគ្រប់, អភិវឌ្ឍន៍តំបន់ព្រំដែន, ជំរុញកំណើនប្រជាជន និងការធ្វើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ផ្លូវក្រវាត់ព្រំដែននៅសល់ប្រវែងប្រមាណ១,៣០០គីឡូម៉ែត្រទៀត។ កាលពីចុងខែកក្កដា សម្តេចបានចុះហត្ថលេខាលើផែនការសាងសង់បញ្ចប់ផ្លូវនេះ ដោយប្រើរយៈពេល១០ឆ្នាំ ជាមួយថវិកា ជាង២០០លានដុល្លារ ៕

