បាក់ទំនប់ទឹក នៅភាគខាងកើតស៊ូដង់ បណ្ដាលឲ្យមនុស្សយ៉ាងតិច ៣០នាក់បាត់បង់ជីវិត និងជាច្រើននាក់ទៀតបាត់ខ្លួន

រដ្ឋធានីខាទុំ៖ អង្គការសហប្រជាជាតិ បានអះអាងកាលពីថ្ងៃចន្ទទី២៦ ខែសីហាថា ទឹកបានហក់ឡើងខ្ពស់នៅទំនប់វារីអគ្គិសនីមួយ ដោយបានបំផ្លិចបំផ្លាញភូមិចំនួន២០ និងបណ្តាលឱ្យមនុស្សយ៉ាងតិច៣០នាក់ស្លាប់ និងជាច្រើននាក់កំពុងបាត់ខ្លួននៅភាគខាងកើតប្រទេសស៊ូដង់។
ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យមានទឹកជំនន់ដែលគ្របដណ្ដប់លើទំនប់អាបាអាត Arbaat កាលពីថ្ងៃអាទិត្យទី២៥សីហា មានចម្ងាយត្រឹមតែ៤០គីឡូម៉ែត្រភាគខាងជើងពីទីក្រុងកំពង់ផែស៊ូដង់(Port Sudan) ខណៈវារីអគ្គិសនី និងបំពង់ចរន្តទឹកត្រូវបានបំផ្លាញ ទន្ទឹមនឹងមនុស្សពី១៥០ ទៅ២០០នាក់បានបាត់ខ្លួន។ ទំនប់ទឹកនេះ ជាប្រភពទឹកដ៏សំខាន់របស់ទីក្រុងកំពង់ផែស៊ូដង់ និងជាផ្លូវទឹកដ៏សំខាន់របស់ប្រទេសនេះក្នុងការដឹកជញ្ជូនជំនួយផ្សេងៗ។
សមាគមអ្នកបរិស្ថានស៊ូដង់ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ទីក្រុងនេះ នឹងប្រឈមបញ្ហាកង្វះទឹកបរិភោគនៅក្នុងប៉ុន្មានថ្ងៃខាងមុខ ក្រោយការបាក់ទំនប់ទឹកដ៏សំខាន់នេះ»។ ទំនប់ទឹក ផ្លូវថ្នល់ និងស្ពានរបស់ប្រទេសស៊ូដង់ បានរងការខូចខាតរួចទៅហើយ មុនពេលសង្រ្គាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធបានចាប់ផ្ដើមសង្គ្រាមកាលពីខែមេសា ឆ្នាំ២០២៣។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបង្វែរធនធានភាគច្រើនរបស់ពួកគេទៅក្នុងជម្លោះ ដោយបន្សល់ទុកនូវការខូចខាតហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ។
ក្រសួងសុខាភិបាលបានបង្ហាញថា មនុស្សមួយចំនួនបានភៀសខ្លួនចេញពីផ្ទះដែលជន់លិចដោយទឹក ឆ្ពោះទៅកាន់តំបន់ភ្នំ ហើយឥឡូវនេះពួកគេកំពុងជាប់គាំង។ កាលពីថ្ងៃចន្ទ ក្រុមប្រតិបត្តិការជួយសង្គ្រោះរបស់រដ្ឋាភិបាល បានបញ្ជាក់ថា មនុស្សចំនួន ១៣២នាក់ ត្រូវបានស្លាប់ដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេស។ យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិ យ៉ាងហោចណាស់មានមនុស្ស ១១៨ ០០០នាក់ ត្រូវបានផ្លាស់ទីលំនៅដោយសារភ្លៀងធ្លាក់ខ្លាំងនៅក្នុងឆ្នាំនេះ៕

