ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រតាន់៖ នយោបាយការបរទេសកម្ពុជា មានមុខព្រួញពីរសំខាន់

ភ្នំពេញ៖ ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា នយោបាយការបរទេសរបស់កម្ពុជា មានមុខព្រួញពីរសំខាន់គឺ៖ ទី១-ពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ដោយពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ ក្នុងនាមជារដ្ឋអធិបតេយ្យ និងទី២-ការទូតសេដ្ឋកិច្ច ដើម្បីនាំផលប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជា។
ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ធ្វើសន្និសីទសារព័ត៌មាន បង្ហាញសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាលអាណតិ្តទី៧ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រតាន់ បានបញ្ជាក់ថា «ធ្វើតុល្យការមួយឆ្នាំនៃការទូតដ៏សកម្មនេះ គឺជាការណ៍មួយពិបាក មិនមែនងាយស្រួលទេ។ យ៉ាងណាក៏ដោយ យើងអាចសំយោគកិច្ចការ និងលទ្ធផលនៃនយោបាយការបរទេសកម្ពុជា ក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដោយអះអាងថា ការទូតកម្ពុជា មានមុខព្រួញពីរសំខាន់ទីមួយ គឺពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី និងទីពីរ គឺពង្រឹងជំហរកម្ពុជានៅលើឆាកអន្តរជាតិ បន្តជំរុញសហគមន៍អាស៊ានឲ្យគោរពកម្ពុជា ជារដ្ឋអធិបតេយ្យពេញលក្ខណៈ រីឯមុខព្រួញសំខាន់ គឺការទូតសេដ្ឋកិច្ច»។
ឯកឧត្ដម ហ្សង់ ហ្វ្រង់ស្វ័រតាន់ លើកឡើងថា តាំងពីដំបូងមក រាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដែលជាថ្ងៃត្រូវបានតែងតាំង ជានាយករដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវគោលការណ៍មួយច្បាស់ គឺត្រូវពង្រឹងមិត្តភាពចាស់ និងពង្រីកមិត្តភាពថ្មី។ សម្តេចធិបតី បានបង្ហាញមុខ និងណែនាំមុខឲ្យពិភពលោកស្គាល់សម្តេចលឿនបំផុត គឺជាអាទិភាព ពីព្រោះក្នុងនាមជានាយករដ្ឋមន្ត្រី សម្តេចត្រូវធ្វើការ ឬបន្តធ្វើការជាមួយបណ្តាថ្នាក់ដឹកនាំកំពូលៗក្នុងលោក ជាទ្វេភាគី ជាពហុភាគី នៅក្នុងក្របខណ្ឌអន្តររដ្ឋ នៅក្របខណ្ឌអនុតំបន់ ឬអន្តរជាតិ ហើយនេះ គឺជាការផ្តើមឡើងនូវការពង្រឹងមិត្តភាពចាស់ ពង្រីកមិត្តភាពថ្មី ៕
