យោធិននារីលំហែមាតុភាពចំនួន២រូប បម្រើការងារនៅក្នុងបញ្ជាការដ្ឋានការពារអាកាសកងទ័ពជើងគោក ទទួលថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខសុខមាលភាពសារធារណ:របស់យោធិននៃកងយោធពលខេមរភូមិន្ទ តាមរយៈការដំឡេីងប្រាក់បៀវត្ស ប្រាក់មុខងារ ការឧបត្ថម្ភបន្ថែមលើគោលរបបដែលមានស្រាប់ និងការបង្កើតកញ្ចប់គោលនយោបាយផ្សេងៗ គាំទ្រដល់ការងារ និងជីវភាពកងទ័ព ជាក់ស្ដែងដូចជាប្រាក់ឧបត្ថម្ភដល់យោធិននារីលំហែមាតុភាព ក៏ជាផ្នែកមួយនៃកញ្ចប់ថវិកាគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីជួយសម្រួលការលំបាកមួយចំណែក ដល់យោធិននារីក្នុងរយៈពេលធ្វើការសម្រាកលំហែមាតុភាព។
ជាក់ស្ដែងកាលព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ក្រោមការចាត់តាំងរបស់ ឯកឧត្តម ឧត្ដមសេនីយ៍ទោ សុខ ប៉ាង នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានចាត់តាំងលោកជំទាវ ឧត្ដមសេនីយ៍ត្រី ពៅ ដាវីត មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស និងក្រុមការងារនាំយកថវិកាគោលនយោបាយលំហែមាតុភាព របស់រាជរដ្ឋាភិបាលចំនួន ១,៦០០,០០០ រៀល ថវិការបស់សមាគមនារីកងទ័ពជើងគោកចំនួន ៤០០,០០០ រៀល និងថវិកាក្រុមការងារយេនឌ័រកងឯកភាពបញ្ជាការដ្ឋានការពារអាកាសចំនួន ៤០០,០០០ រៀល ប្រគល់ជូនយោធិននារីចំនួន២រូប សម្រាកលំហែមាតុភាពដោយក្នុងមួយនាក់ទទួលបានថវិកាចំនួន ១,២០០,០០០ រៀល។
ថ្លែងក្នុងឱកាសនោះលោកជំទាវឧត្តមសេនីយ៍ត្រី ពៅ ដាវីត បានផ្ដាំផ្ញើការសួរសុខទុក្ខពីឯកឧត្តមមេបញ្ជាការ ក៏ដូចជាការលើកឡើងអំពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដែលតែងតែគិតគូរពីសុខទុក្ខសុខកុមារភាពសាធារណៈ ជាពិសេសយោធិននារីនៅក្នុងកងយោធពលខេមរៈភូមិន្ទ របស់យើងកន្លងមកដោយមិនបានទុកចោលដោយគ្មានការទទួលខុសត្រូវឡើយ៕

