កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ

នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន។
យោងតាមក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងឱកាសនៃជំនួបពិភាក្សា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ លើកទីមួយ កម្ពុជា-ចិន ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។
សម្រាប់ទិសដៅទៅថ្ងៃមុខ កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ដើម្បីពង្រីកបន្ថែមទៀតទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី ពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនឯកឧត្តម វ៉ាង យី អំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ៕

