យ៉ាងហោចណាស់មនុស្ស៥នាក់ត្រូវបានសម្លាប់ និងជាង២០នាក់ទៀតបានរងរបួស ក្នុងការបំផ្ទុះគ្រាប់បែកនៅជិតហាងកាហ្វេក្នុងប្រទេសសូម៉ាលី

បរទេស៖ ការបំផ្ទុះគ្រាប់បែកនៅជិតហាងកាហ្វេមួយកន្លែងក្នុងប្រទេសសូម៉ាលី ដែលមនុស្សម្នាកំពុងទស្សនាការប្រកួតវគ្គផ្តាច់ព្រ័ត្រ Euro 2024 របស់អង់គ្លេសជាមួយអេស្ប៉ាញ បានបណ្តាលឲ្យមនុស្សយ៉ាងតិច៥នាក់ស្លាប់។
ប៉ូលិសបានឲ្យដឹងថា រថយន្តដែលផ្ទុកដោយសារធាតុផ្ទុះបានផ្ទុះឡើងនៅក្បែរហាងកាហ្វេក្នុងរដ្ឋធានី Mogadishu ប្រទេសសូម៉ាលី។
យោងតាមអ្នកនាំពាក្យប៉ូលិស លោកឧត្តមសេនីយ៍ Abdifitah Aden Hassa បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២០នាក់ផ្សេងទៀតបានរងរបួស។
មនុស្សម្នានៅខាងក្នុងកន្លែងមើលការប្រកួតផ្ទាល់ពីទីក្រុងប៊ែរឡាំងនៅលើអេក្រង់នៅពេលនោះ។
រូបភាពនៅកន្លែងកើតហេតុបានបង្ហាញពីការឆេះខូចខាតរថយន្តជាច្រើនគ្រឿង និងការខូចខាតយ៉ាងច្រើនដល់អគារ។
សាក្សីម្នាក់ឈ្មោះ Ismail Adan បានឲ្យដឹងថា អ្នកទស្សនាមួយចំនួនបានរងរបួស ខណៈពេលដែលព្យាយាមលោតជញ្ជាំងបរិវេណនៃហាងកាហ្វេ ហើយអ្នកផ្សេងទៀតបានរងរបួសនៅក្នុងការរត់ជាន់គ្នា។
លោកបានបន្ថែមថា ជនរងគ្រោះភាគច្រើននៅតាមផ្លូវនៅពេលមានការផ្ទុះ។
អ្នកយកព័ត៌មានពីទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា គ្រាប់បែកនេះបានបំផ្លាញរថយន្តចំនួន ១០គ្រឿង និងខូចខាតអគារជាច្រើននៅក្នុងតំបន់ដែលមានការយាមកាមយ៉ាងខ្លាំងនៅជិតវិមានប្រធានាធិបតី។
គេមិនទាន់ដឹងច្បាស់ថានរណាជាអ្នកទទួលខុសត្រូវចំពោះការផ្ទុះនេះទេ។
ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម al Shabaab ត្រូវបានរាយការណ៍ជាញឹកញាប់នៅក្នុងទីក្រុង Mogadishu និងកន្លែងផ្សេងទៀតក្នុងប្រទេសសូម៉ាលី។
