ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេកន្លោង ក្នុងភូមិសាស្ត្រខេត្តព្រៃវែង

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញនាយកដ្ឋាន សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយមេកន្លោង ស្ថិតនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សូមជម្រាបថា គម្រោងស្តារប្រឡាយមេកន្លោង គ្របដណ្ដប់លើភូមិចំនួន៥ នៃឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ការងារសំខាន់ៗ របស់គម្រោងមានដូចជា៖ ទី១).ស្តារប្រឡាយមេប្រវែង ៤៣០០ម៉ែត្រ និងទី២).សាងសង់សំណង់សិល្បការ្យចំនួន ១៤កន្លែង។
លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា គិតមកដល់ពេលនេះ វឌ្ឍនភាពនៃគម្រោងស្តារប្រឡាយមេកន្លោង សម្រេចបានប្រមាណ ៤៥%។ ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋាន ក៏បានណែនាំដល់មន្ត្រីអនុវត្តការងារនៅតាមការដ្ឋានឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាព និងបទដ្ឋានបច្ចេកទេស។
លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងនេះអាចបង្កើនសមត្ថភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣៥០ហិកតា និងរដូវប្រាំងចំនួន ២៨០ហិកតា ព្រមទាំងដំណាំរួមផ្សំចំនួន ១០ហិកតា និងមានប្រជាពលរដ្ឋទទួលផលប្រមាណ ២០៥គ្រួសារ ៕

