គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញទស្សនាសួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឧស្សាហកម្មគ្រាប់ពូជទំនើប និងសួនខ្សែចង្វាក់ឧស្សាហកម្មកសិកម្ម

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ គណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ថេង ចន្ទ័សង្វារ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញទស្សនាសួនវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាឧស្សាហកម្មគ្រាប់ពូជទំនើប និងសួនខ្សែច្រវ៉ាក់ឧស្សាហកម្មកសិកម្ម។
សួននេះមានផ្ទៃដីជាង១០០ហិកតា និងត្រូវបានបង្កេីតឡេីងនៅឆ្នាំ២០១៩។ ក្រៅពីដាំដុះបន្លែ និងផ្លែឈេីសម្រាប់លក់ទៅកាន់ទីផ្សារជាច្រេីនមុខ សួនឧស្សាហកម្មនេះមានកិច្ចសហប្រតិបត្តិការ ជាមួយបណ្ឌិត្យសភាកសិកម្មខេត្តយូនណាន ដេីម្បីសិក្សាពិសោធ និងស្រាវជ្រាវអំពីការបណ្តុះគ្រាប់ពូជបន្លែ និងដាំដំណាំដែលមានលក្ខណៈពិសេស។
នៅរសៀលថ្ងៃដដែល គណៈប្រតិភូបានបន្តដំណើរទៅទស្សនាសង្កាត់ថាន់លុង ដើម្បីស្វែងយល់ពីខ្សែចង្វាក់ឧស្សាហកម្មឌីជីថល និងជនបទឌីជីថល។
បច្ចេកវិទ្យាឌីជីថល បានជួយបង្កេីនផលិតភាពរបស់សហគ្រាស និងអាជីវករក្នុងគ្រប់មុខជំនាញ។ សួនឧស្សាហកម្មនេះ ផ្តោតសំខាន់ទៅលើការធ្វើពាណិជ្ជកម្មឌីជីថល ដោយបានបង្ករលក្ខណៈងាយស្រួលនិងបង្កេីនប្រសិទ្ធភាព ជាពិសេស ក្នុងការផ្សព្វផ្សាយផលិតផលរបស់សហគ្រាសនិងអាជីវករទៅកាន់ទីផ្សារ និងការគ្រប់គ្រងខ្សែចង្វាក់ផលិតកម្មកសិកម្ម ៕

