ក្រសួងបរិស្ថាន និង USAID រៀបចំពិធីបិទជាផ្លូវការគម្រោងអនាគតបៃតងកម្ពុជា

ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ USAID កាលពីរសៀលទី៥ ខែកក្កដា ឆ្នាំ២០២៤ បានរៀបចំពិធីបិទបញ្ចប់ជាផ្លូវការនូវគម្រោងអនាគតបៃតងកម្ពុជា ដែលបានអនុវត្តរយ:ពេលកន្លងមក តាមរយ:ការអនុវត្តវិធីសាស្ត្របែបផ្លាស់ប្តូរឥរិយាបទសង្គម (SBCC) ដោយក្រុមយុវជនបៃតងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីលោកស្រី Kerry Pelzmen នាយិកាទីភ្នាក់ងារជំនួយអាមេរិក USAID ព្រមទាំងស្ថាប័នជំនាញ អង្គការដៃគូ ក្រុមយុវជន សិស្សានុសិស្ស និងសង្គមស៊ីវិលប្រមាណ២០០នាក់ ដែលបានប្រារព្ធធ្វើនៅសណ្ឋាគារកាំបូឌីយ៉ាណារាជធានីភ្នំពេញ។
ថ្លែងក្នុងសុន្ទរកថា លោកស្រី Kerry Pelzmen បានលើកទ្បើងពីគោលបំណងរួម និងទិសដៅគម្រោងអនាគតបៃតងកម្ពុជា របស់ USAID ដែលបានគាំទ្រសកម្មភាពនិងបេសកកម្មរបស់ខ្លួន ស្របតាមយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិរបស់ប្រទេសកម្ពុជា សំដៅពង្រឹងប្រសិទ្ធភាព និងធ្វើឲ្យប្រសើទ្បើងក្នុងកិច្ចការពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីៈវចម្រុះ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ លោកស្រី Kerry Pelzmen បានបង្ហាញអំពីលទ្ធផលនៃគម្រោងដែលអនុវត្តន៍បានជោគជ័យទៅតាមដំណាក់កាលនីមួយៗក្នុងរយ:ពេល៥កន្លងមកគួរជាទីមោទនៈសម្រាប់ប្រជាជាតិ និងសាកលលោក។
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបនឹងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងកិច្ចការពារបរិស្ថានប្រកបដោយប្រសិទ្ធភាព ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពនៅកម្ពុជា ក្រសួងបរិស្ថាន បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងសហគមន៍មូលដ្ឋាន ក្នុងការអនុវត្តគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន សំដៅរួមចំណែកការពារសម្បត្តិធនធានធម្មជាតិរបស់យើង ដោយរក្សាបាននូវភាពគង់វង្សយូរអង្វែង។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ទៀតថា ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍បន្តថា វិស័យបរិស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម វប្បធម៌ និងទេសចរណ៍ ក្រោមទិសស្លោក “កម្ពុជាព្រះរាជាណាចក្រអច្ឆរិយ:” ហើយទស្សន:វិជ្ជារបស់យើងទាក់ទងនឹងបរិស្ថានគឺ “គិតឲ្យបានវែងឆ្ងាយ ធ្វើសកម្មភាពរហ័ស ការផ្សព្វផ្សាយដោះស្រាយបញ្ហាបន្ទាន់”។
ឯកឧត្តម ង៉ូវ បូរីណា បានកោតសរសើរ និងបង្ហាញពីមោទនភាព និងក្ដីរីករាយចំពោះការផ្សព្វផ្សាយបន្តនូវសម្ភារ:បរិក្ខារ ការផ្លាស់ប្ដូរឥរិយាថបសង្គម (SBCC) តាមរយ:បណ្ណាល័យអេទ្បិចត្រូនិចរបស់ក្រសួងបរិស្ថាន និងមានកិត្តិយសផ្តល់ជូននូវបណ្ណសរសើររបស់ ក្រសួងបរិស្ថាន ជូនដល់រូបវន្ត័បុគ្គល និងនីតិបុគ្គលដែលមានស្នាដែល្អក្នុងការរួមចំណែកអនុវត្តសកម្មភាពមេត្រីភាពបរិស្ថាន។ ទាំងនេះជាសក្ខីភាពក្នុងការទទួលស្គាល់ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង និងការរួមចំណែកសម្រេចនូវសមិទ្ធផល និងលទ្ធផលរបស់គម្រោងអនាគតបៃតងកម្ពុជា ទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាគួជាទីមោទនៈ។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសាធារណជនគ្រប់ស្រទាប់វណ្ណៈនូវការចូលរួមការពារ និងអភិរក្សសត្វព្រៃគ្រប់ប្រភេទ ដោយកុំទទួលទានសាច់សត្វព្រៃធ្វើជាអាហារ និងបានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ ព្រះសង្ឃ ដែលបានចូលរួមយ៉ាងសកម្មលើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងយុទ្ធនាការកម្ពុជាស្អាត ខ្មែរធ្វើបានផងដែរ ព្រមទាំងរម្លឹកនិងផ្សព្វផ្សាយក្នុងពិធីអំពីការតាំងពិព័រណ៍ និងចែកកូនឈើក្រោមមូលបទ “ពន្លកបៃតង” ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន។
ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្ដល់ជាកិត្តិយសប្រគល់បណ្ណសរសើមេត្រីបរិស្ថានជូនដល់រូបវ័ន្តបុគ្គល និងនីតិបុគ្គល ដែលមានស្នាដៃ និងបានចូលរួមលើវិស័យបរិស្ថានផងដែរ ៕

