អភិបាលរងខេត្តរតនគិរី ជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លី ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ពលរដ្ឋ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្តរតនគិរី បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយប្រកាសកំណត់តំបន់វិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រពន្ធ័នៅភូមិលូត, ភូមិកប, ភូមិទូស និងភូមិប៉ាណល ក្នុងឃុំទីងចាក់ ស្រុកបរកែវ។
លោក លី ឧសភា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបានស្នើដល់ប្រជាពលរដ្ឋទាំងប៤ខាងលើសូមបោះបង្គោលព្រំដីអោយបានច្បាស់លាស់ និងត្រៀមឯកសារពាក់ព័ន្ធរួមមាន សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងឯកសារពាក់ព័ន្ធផ្សេងៗដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែងបានឆាប់រហ័សក្នុងការចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា កិច្ចប្រជុំនេះ គឺ ដើម្បីផ្សព្វផ្សាយជាសាធារណៈនូវដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យដែលអនុវត្តផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរអង្គភាព គ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ហើយការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជី ទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ហើយមានប្រសិទ្ធិភាពលើការ
គ្រប់គ្រងដីធ្លី។ នេះគឺជាប្រការ សមស្របបំផុត ដែលបានកំណត់ នៅក្នុងគោលនយោបាយដីធ្លីរបស់ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ និងទំនាស់ដីធ្លីនៅក្នុងសង្គម។
ថ្លែងក្នុងឱកាសនេះ លោក ខ័ណ្ឌ ចំណានអភិបាលរងខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំផ្សព្វផ្សាយនៅថ្ងៃនេះ គឺជាយន្តការរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរ ធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ហើយការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ គឺដើម្បីធានានូវសិទ្ធិធ្វើជាម្ចាស់កាន់កាប់ និងជាឯកសារសំអាងរឹងមាំមួយសម្រាប់ម្ចាស់ដីដែលបង្ហាញពីការកាន់កាប់ស្របតាមច្បាប់យ៉ាងពិតប្រាកដពិសេស ទៀតនោះការចុះបញ្ជីដីធ្លីនេះបានធ្វើឱ្យ បញ្ហាទំនាស់ដីធ្លីត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។
លោកអភិបាលរងខេត្ត បានជំរុញដល់ក្រុមការងារឱ្យបង្កើនសកម្មភាពរបស់ខ្លួនថែមទៀត ក្នុងការចុះវាស់វែងដីធ្លីនៅក្នុងតំបន់គោលដៅឱ្យបានលឿនដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំង៤ភូមិ ចូលរួមសហការឱ្យបានល្អក្នុងឱកាសចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជាមួយអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរ ភូមិ ឃុំ គ្រប់លំដាប់ថ្នាក់ ដើម្បីសម្រួលការងារ និងដំណើរការដោយរលូន ៕

