ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបច្ចេកទេសគម្រោង ជាមួយគណៈប្រតិភូកូរ៉េ

ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ុញ សច្ច: រដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយម បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការងារបច្ចេកទេសនៃ គម្រោងវិធានការគ្រប់គ្រងទឹក និងកាត់បន្ថយទឹកជំនន់និងគ្រោះរាំងស្ងួតក្នុងខេត្តប៉ៃលិន ជាមួយគណៈប្រតិភូកូរ៉េ ដឹកនាំដោយ លោកស្រី Minnie Chey នាយិកាធនាគារវិនិយោគកូរ៉េ(K-Exambank)ប្រចាំកម្ពុជា បន្ទាប់ពីការចុះពិនិត្យទីតាំង កាលពីសប្តាហ៍ កន្លងទៅ។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី មន្ត្រីបច្ចេកទេសនៃអង្គភាពគ្រប់គ្រងគម្រោង សហការីនៃធនាគារវិនិយោគកូរ៉េ K-Exambank (ECDF) ប្រចាំប្រទេសកម្ពុជា តំណាងអគ្គនាយកដ្ឋានដោះផលប៉ះពាល់ ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្ត ប៉ៃលិននិងសហការី និង តំណាងទីប្រឹក្សាគម្រោង Yooshin។
ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា នៅ ក្នុង កិច្ចប្រជុំ ទីប្រឹក្សាគម្រោងបានធ្វើបទបង្ហាញពីលទ្ធផលបច្ចកទេស និង ព័ត៌មានដែលបានសិក្សាកន្លងមកសម្រាប់ជាត្រីវិស័យធ្វើជាឯកសារជំនួយស្មារតីឈានទៅសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility study) ព្រមទាំង បានបង្ហាញពីនីតិវិធីមួយចំនួនសម្រាប់លក្ខខណ្ឌសិក្សាផលប៉ះពាល់បរិស្ថាន-សង្គម និង ការអភិវឌ្ឍគម្រោង មុនពេល ដំណើរការសិក្សាសមិទ្ធិលទ្ធភាព។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានបញ្ជាក់ថា អង្គប្រជុំបានពិភាក្សាលម្អិតរកបញ្ហាប្រឈម និង បូកសរុបមតិយោបល់ពីគ្រប់ភាគី ដើម្បី ជាធាតុចូលនៃគម្រោង ធ្វើឱ្យ គម្រោងបានជោគជ័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការ បាន បញ្ជាក់ពីសារសំខាន់នៃ គម្រោង ដោយសារនៅក្នុងតំបន់ នេះមានប្រភពទឹក តែមិនមានអាងស្ដុកទឹក សម្រាប់ បម្រើឱ្យការងារស្រោចស្រពលើដំណាំឧស្សាហកម្មគ្រប់ប្រភេទ ហើយបរិមាណទឹកភ្លៀងតិចជាងតំបន់ដទៃក្នុងប្រទេស ក្នុងពេល ដែល ផ្ទៃរងទឹកភ្លៀងមានឥទ្ធិពលឆ្លងដែនពីប្រទេសថៃថែមទៀត៕

