អារ៉ាប៊ីសាអូឌីត អនុញ្ញាតឱ្យនាំចូលគោ ពពែ និងចៀមពីប្រទេសថៃ

បរទេស៖ អារ៉ាប៊ីសាអូឌីតបានផ្តល់ភ្លើងខៀវសម្រាប់ការនាំចូលគោរស់ ចៀម និងពពែពីប្រទេសថៃ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Phumtham Wechayachai បានឲ្យដឹងថា ក្រសួងបរិស្ថាន ទឹក និងកសិកម្ម អារ៉ាប៊ីសាអូឌីត បានអនុម័តយល់ព្រម តាមរយៈក្រសួងការបរទេសអារ៉ាប៊ីសាអូឌីត និងថៃ។
លោកបន្តថា សត្វរស់អាចត្រូវបាននាំចូលពីប្រទេសថៃ ហើយបន្ទាប់មកចិញ្ចឹមនិងសម្លាប់នៅអារ៉ាប៊ីសាអូឌីត។
អ្នកនាំចូល និងនាំចេញអាចសុំការអនុញ្ញាតពាណិជ្ជកម្មពី Naama Platform របស់ក្រសួងបរិស្ថាន ទឹក និងកសិកម្ម។
លោក Phumtham បានឲ្យដឹងថា អាជ្ញាធរចំណីអាហារ និងឱសថអារ៉ាប៊ីសាអូឌីត ពីមុនបានអនុញ្ញាតឲ្យក្រុមហ៊ុននាំចេញសាច់មាន់ថៃ នាំចេញសាច់មាន់ស្រស់ កែច្នៃ និងចម្អិនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត តាមច្រកត្រួតពិនិត្យទាំងអស់នៅទីនោះ។
កាលពីឆ្នាំមុន តម្លៃពាណិជ្ជកម្មរវាងប្រទេសថៃ និងអារ៉ាប៊ីសាអូឌីតមានចំនួន ៨,៧៩ពាន់លានដុល្លារ រួមទាំងការនាំចូលពីអារ៉ាប៊ីសាអ៊ូឌីតមានតម្លៃ ៦,១៣ពាន់លានដុល្លារ។
ក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ តម្លៃពាណិជ្ជកម្មមានចំនួន ២.៥៩ពាន់លានដុល្លារ ធ្លាក់ចុះ ១៧% ធៀបនឹងឆ្នាំមុន រួមទាំងការនាំចូល ១.៦៦ពាន់លានដុល្លារពីអារ៉ាប៊ីសាអូឌីត ធ្លាក់ចុះ ២៨%។ ការនាំចេញរបស់ថៃទៅអារ៉ាប៊ីសាអូឌីតក្នុងអំឡុងពេលនោះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃ ៩២៦លានដុល្លារអាមេរិក កើនឡើង ១២%។
