គណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ចកម្ពុជា ដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Viettel នៅវៀតណាម

ភ្នំពេញ៖ កាលពីថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បាន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើទស្សនកិច្ចសិក្សានៅក្រុមហ៊ុន Viettel នៅទីស្នាក់កណ្តាលក្រុមហ៊ុន ដែលស្ថិតនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
សូមរំលឹកថា ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអធិការកិច្ច នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai រដ្ឋធានីហាណូយប្រកបដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។
វត្តមាននៃការអញ្ជើញដល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម Duong Quoc Huy អគ្គអធិការរង នៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម និងលោកជំទាវឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណសង្គមនិយមវៀតណាម។
ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ទៅកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ នឹងចូលរួមចំណែកពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

