អភិបាលរងខេត្តស្ទឹងត្រែង៖ ឆមាសទី១ ឆ្នាំនេះ នគរបាល បង្ក្រាបសកម្មភាពក្មេងទំនើង ទូទាំងខេត្តស្ទឹងត្រែង ៧លើក ឃាត់ខ្លួន ២៩នាក់

ភ្នំពេញ៖ លោក សែន វ៉ាន់ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង បានថ្លែងឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាល បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើង ទូទាំងខេត្តស្ទឹងត្រែងបានចំនួន ៧លើក ឃាត់ខ្លួន ២៩នាក់ ចាប់យកវត្ថុតាងរួមមានៈ កាំបិត ៥ដើម, ម៉ូតូ ៥គ្រឿង និងទូរស័ព្ទ ៣គ្រឿង ។
ថ្លែងក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ និងក្មេងទំនើង ក្រោមអធិបតីភាពឯកឧត្ដម ស្វាយ សំអ៊ាង អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកអភិបាលរងខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា «អនុវត្តបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល សកម្មភាពរក្មេងទំនើង ត្រូវបានបង្ការ និងទប់ស្កាត់តាមរយៈការល្បាត ជាប្រចាំក្នុងនោះសមត្ថកិច្ចនគរបាលក៏បានធ្វើការបង្ក្រាបសកម្មភាពក្មេងទំនើង ទូទាំងខេត្តស្ទឹងត្រែង បានចំនួន ៧លើក ឃាត់ក្រុមក្មេងទំនើង ២៩នាក់ ប្រុស ចាប់យកវត្ថុតាងរួមមានៈ កាំបិត ៥ដើម, ម៉ូតូ ៥គ្រឿង និងទូរស័ព្ទ ៣គ្រឿង កម្លាំងជំនាញបានធ្វើការអប់រំណែនាំធ្វើ កិច្ចសន្យាទៅលំនៅដ្ឋានវិញ ៣លើក មនុស្សចំនួន ១០នាក់ ប្រុស និងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បី ចាត់ការតាមនីតិវិធី ចំនួន ៤លើក មនុស្សចំនួន ១៩នាក់ ប្រុស» ៕
