រដ្ឋមន្ត្រីការពារជាតិចិន៖ ការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ ត្រូវបានបំផ្លាញដោយក្រុមផ្តាច់ខ្លួន

ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិចិន លោក ដុង ជុន Dong Jun បានព្រមានថា លទ្ធភាពនៃការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ កំពុងត្រូវបានបំផ្លាញដោយក្រុមផ្តាច់ខ្លួនតៃវ៉ាន់ និងកងកម្លាំងខាងក្រៅ។
ប្រទេសចិន ចាត់ទុកកោះប្រជាធិបតេយ្យតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយកាលពីខែមុនបានរៀបចំល្បែងសង្គ្រាមជុំវិញកោះនេះ ដោយកំហឹងចំពោះពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី ឡៃ ឆឹងតេ Lai Ching-te ដែលរដ្ឋធានីប៉េកាំងហៅថា ជាបុគ្គលបំបែកខ្លួន។
ថ្លែងនៅក្នុងសន្និសិទ Shangri-La Dialogue នៅប្រទេសសិង្ហបុរី លោក Dong បានលើកឡើងថា តៃវ៉ាន់គឺជាស្នូលនៃបញ្ហាសម្រាប់ប្រទេសចិន ប៉ុន្តែគណបក្សប្រជាធិបតេយ្យចម្រើននិយម ដែលកាន់អំណាចរបស់តៃវ៉ាន់ កំពុងបន្តស្វែងរកការបំបែកខ្លួនជាបណ្តើរៗ ហើយងាកទៅរកការលុបបំបាត់អត្តសញ្ញាណចិន។
លោកបានកត់សម្គាល់យ៉ាងដូច្នេះថា៖ «បុគ្គលបំបែកខ្លួនទាំងនោះ ថ្មីៗនេះបានធ្វើសេចក្តីថ្លែងការណ៍បែបជ្រុលនិយម ដែលបង្ហាញពីការក្បត់ជាតិចំពោះប្រជាជាតិ និងបុព្វបុរសចិន។ ពួកគេទាំងនោះ នឹងត្រូវទទួលរងភាពនូវអាម៉ាស់នៅក្នុងប្រវត្តិសាស្ត្រ»។
លើសពីនេះ លោក ដុង ជុន បានចោទប្រកាន់មហាអំណាចបរទេសថា បានជ្រៀតជ្រែកបញ្ហាក្នុងស្រុក និងពង្រឹងក្រុមផ្តាច់ខ្លួនតៃវ៉ាន់។ លោកមានប្រសាសន៍ថា ខណៈពេលដែលប្រទេសចិនប្តេជ្ញាក្នុងការបង្រួបបង្រួមដោយសន្តិវិធីជាមួយតៃវ៉ាន់ កងទ័ពរំដោះប្រជាជន នឹងនៅតែជាកម្លាំងដ៏រឹងមាំសម្រាប់លើកកម្ពស់ការបង្រួបបង្រួមជាតិឡើងវិញ។
លោកអះអាងថា៖ «យើងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ឯករាជ្យភាពរបស់តៃវ៉ាន់ និងធ្វើឱ្យប្រាកដថាផែនការបែបនេះមិនទទួលបានជោគជ័យដាច់ខាត។ យើងមានទំនុកចិត្តយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់យើងក្នុងការរារាំងឯករាជ្យភាពរបស់តៃវ៉ាន់»។
បន្ថែមលើនោះ លោក ដុង ជុន បានហៅការលក់អាវុធរបស់អាម៉េរិក ថាជាការសាកល្បងបន្ទាត់ក្រហមរបស់ចិន ដោយលើកឡើងថា អាកប្បកិរិយាបែបនេះ បានបញ្ជូនសញ្ញាខុសឆ្គងយ៉ាងខ្លាំងដល់កងកម្លាំងឯករាជ្យតៃវ៉ាន់ ហើយធ្វើឱ្យពួកគេកាន់តែឆេវឆាវ ដោយបន្ថែមថា គោលបំណងពិតរបស់មហាអំណាចបរទេស គឺប្រើប្រាស់តៃវ៉ាន់ដើម្បីទប់ស្កាត់ប្រទេសចិន។
ដោយឡែក អតីតរដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោកអាន់ឌ្រីវ យ៉ាំង Andrew Yang បានលើកឡើងថា រដ្ឋធានីប៉េកាំង នឹងបន្តការបង្រួបបង្រួមដោយយកឈ្នះបេះដូង និងគំនិតរបស់តៃវ៉ាន់ ប៉ុន្តែទង្វើជាក់ស្តែងរបស់រដ្ឋធានីប៉េកាំងមិនត្រូវនឹងពាក្យរបស់ពួកគេឡើយ។
លោក Andrew Yang សង្ឃឹមថា សហរដ្ឋអាម៉េរិកនឹងប្រកាន់ខ្ជាប់នូវកាលវិភាគលក់អាវុធទៅឱ្យតៃវ៉ាន់តាមការគ្រោងទុក ដើម្បីឱ្យកោះនេះអាចបង្កើនការការពារខ្លួន។ ក្នុងរយៈពេលពីរឆ្នាំមកនេះ តៃវ៉ាន់បានត្អូញត្អែរពីការពន្យារពេលក្នុងការចែកចាយសព្វាវុធរបស់សហរដ្ឋអាម៉េរិក ដូចជាមីស៊ីលប្រឆាំងយន្តហោះ Stinger ខណៈដែលក្រុមហ៊ុនផលិតអាវុធផ្គត់ផ្គង់ទៅប្រទេសអ៊ុយក្រែន ដើម្បីគាំទ្ររដ្ឋធានីកៀវក្នុងសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។
ប្រធានាធិបតី Lai Ching-te បានស្នើឱ្យមានការចរចាជាមួយរដ្ឋធានីប៉េកាំងម្ដងហើយម្ដងទៀត ប៉ុន្តែសំណើរបស់លោកត្រូវបានបដិសេធ។ យ៉ាងណា លោកអះអាងថា មានតែប្រជាជនតៃវ៉ាន់ទេ ដែលអាចសម្រេចអនាគតរបស់ពួកគេបាន។

