លោកជំទាវ ឃឹម សុខឃាង ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ១៥៦នាក់ នៅសាលាបឋមសិក្សាក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី

ភ្នំពេញ៖ ដើម្បីអបអរទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៤ ក្រោមប្រធានបទ”ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើតមូលធនមនុស្សក្នុងយុគសម័យបរិវត្តកម្មឌីជីថល” នាព្រឹកថ្ងៃសៅរ៍ ៩ រោច ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែមិថុនា ឆ្នាំ២០២៤នេះ លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ដំណាងឯកឧត្តម ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា សប្បុរសជននានាជាច្រើនរូប បានចុះសំណេះសំណាលសួរសុខទុក្ខ និងចែកសម្ភារសិក្សាដល់សិស្សានុសិស្ស ចំនួន ១៥៦នាក់ នៅសាលាបឋមសិក្សាក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។
លោក គៀង តុលា ប្រធានគណៈកម្មាធិការអនុសាខាស្រុកអូរជុំ បានមានមតិស្វាគមន៍ និងអានរបាយការណ៍ភូមិសាស្ត្រ និងស្ថានភាពទូទៅនៃការងារអប់រំក្នុងស្រុកអូរជុំ និងបានបញ្ជាក់ពីគោលបំណង នៃការអបអរ«ទិវាកុមារអន្តរជាតិ១មិថុនា» ដើម្បីរំលឹកឲ្យស្ថាប័នពាក់បង្កើនការយកចិត្តទុកដាក់ខ្ពស់លើកុមារ កិច្ចគំាពារការគោរពសិទ្ធិកុមារ គោរពនិងគំាពារនៃអនុសញ្ញាជាតិ និងអន្តរជាតិជាសកលស្ដី អំពីសិទ្ធកុមារ និងទទួលស្គាល់ថា កុមារត្រូវការសិទ្ធិជាងករណីយកិច្ច។ ក្នុងនោះដែរត្រូវតែចូលរួម លុបបំបាត់ការរើសអើងចំពោះកុមារ(ពិការ, ក្រីក្រ…) បញ្ឈប់ និងប្រឆំាងដាច់ខាតលើការរំលោភបំពាន, ការជួញដូរ, កេងប្រវ័ញ្ច, ការប្រើអំពើហិង្សាគ្រប់រូបភាព។
មានមិតសំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ ឃឹម សុខឃាង ញ៉ែមសំអឿន បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះកុមារទាំងអស់ និងថ្លែងនូវការកោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក អ្នកស្ម័គ្រចិត្ត ដែលបានយកអស់កម្លាំងកាយ-ចិត្ត រួមចំណែកលើកកម្ពស់តម្លៃមនុស្សធម៌របស់មនុស្សជាតិ ពិសេសជួយឱ្យកុមារបានរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានការចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ ផ្តល់ការអប់រំ ការបណ្តុះបណ្តាលសិល្បៈ។ល។
លោកជំទាវបានគូសបញ្ជាក់ថាទិវាកុមារអន្តរជាតិនេះ គឺជាការផ្តល់សារដល់លោកគ្រូ អ្នកគ្រូ អាណាព្យាបាលនៃសិស្សអាជ្ញាធរ និង សមត្ថកិច្ច ត្រូវតែនាំគ្នាចូលរួមកំចាត់ឲ្យអស់នូវការប្រើប្រាស់គ្រឿងញៀនរបស់កុមារ ឬការប្រើអំពើហិង្សា និង ការជួញដូរកុមារ និង ការប្រើប្រាស់នូវអំពើផ្សេងៗទៅលើកុមារនៅក្នុងមូលដ្ឋាន។ទិវាកុមារអន្តរជាតិ គឺជាទិវាសកម្មភាពប្រចាំឆ្នាំរបស់យើងដើម្បីកុមារ និង ដោយកុមារ ហើយមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកម្ពុជាបានជួយនឹងវិបត្តិភ័យ ដោយជម្ងឺរាតត្បាត ដែលធ្វើឲ្យមានការប៉ះពាល់ដល់សុខភាព របប និង ការសិក្សារបស់កុមារ ដូចនេះយើងទាំងអស់គ្នាមានចំណែកចូលរួមកសាងអនាគតដ៍ល្អនេះ។
លោកជំទាវបានបន្តទៀតថា ក្នុងនាមខ្ញុំ និង យើងទាំងអស់គ្នាត្រូវចូលរួមចំណែកដើម្បីការពារកុមាររបស់យើងដោយ៖
១-ធានាថាកុមារគ្រប់រូបអាចទទួលបានការសិក្សា រួមទាំងលុបបំបាត់នូវគម្លាតឌីជីថល។
២-ធានាថាកុមារអាចទទួលបានសេវាសុខភាពមូលដ្ឋន។
៣- គាំទ្រ និងការពារសុខភាពផ្លូវចិត្តកុមារ និងយុវជន រួមទាំងបញ្ឈប់រាល់ទម្រង់នៃការរំលោភបំពាន អំពើហឹង្សា ផ្នែកយ៉េនឌ័រ។
៤-បង្កើនលទ្ធភាពទទួលទឹកស្អាត និងអនាមួយ រួមទាំងទប់ស្កាត់សកម្មភាពបំផ្លាញបរិស្ថាន និងបម្រែបម្រួលអាកាសធាតុ។
សូមបញ្ជាក់ថា សម្ភារសិក្សាដែលបានចែកជូនសិស្សានុសិស្សរួមមាន ៖ សម្ពៀតដាក់សៀវភៅ១ សៀវភៅសរសេរ ៥ ក្បាល ប៊ិក/ខ្មៅដៃ ២ ដើម ប្រដាប់ខួងខ្មៅដៃ១ បាល់ទាត់៦គ្រាប់ និងថវិកាសម្រាប់អ្នកគ្រូ ៦ នាក់ ក្នុង១ នាក់ថវិកាចំនួន ១០ម៉ឺនរៀល៕

