កម្ពុជា បើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃតំបន់អាស៊ាន

ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា ក្នុងនាមជាប្រធានប្ដូរវេន និង ប្រទេសឥណ្ឌូនេស៊ី ជាអនុប្រធាន បានបើកកិច្ចប្រជុំអនុគណៈកម្មាធិការព័ត៌មានលើកទី២៥ នៃគណៈកម្មាធិការវប្បធម៌ និងព័ត៌មានអាស៊ាន (ASEAN-COCI-SCI) នៅខេត្តសៀមរាប គណ:ប្រតិភូ នៃបណ្ដាប្រទេស តំបន់អាស៊ានទាំង ១០ រួមនិងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ៤៩ រូប។
កិច្ចប្រជុំប្រចាំឆ្នាំ ក្នុងក្របខណ្ឌអនុគណៈកម្មាធិការព័ត៌មាននេះ រៀបចំឡើងដើម្បីបង្ហាញពីការរួបរួម និងការយកចិត្តទុកដាក់របស់រដ្ឋសមាជិកអាស៊ានក្នុងការជំរុញវិស័យព័ត៌មាននៅលើឆាកអន្តរជាតិ។ ឆ្នាំ២០២៤នេះ គម្រោងជាច្រើន ត្រូវបានស្នើឡើងដោយប្រទេសសមាជិក ក្នុងនោះគម្រោងអាទិភាពមួយចំនួន បានផ្ដោតលើការផ្សព្វផ្សាយរបស់អាស៊ាន ដូចជា ការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ការអនុវត្តគម្រោងនានា ពាក់ព័ន្ធនឹងបដិវត្តន៍កម្មឌីជីថល ការបណ្តុះបណ្តាលវិស័យព័ត៌មានជាដើម ដែលជាការរួមចំណែកលើកស្ទួយមុខមាត់របស់អាស៊ាន ជាពិសេសគម្រោងដែលមានប្រយោជន៍ជាសារវ័ន្ត សម្រាប់វិស័យព័ត៌មាននៃបណ្ដាប្រទេសជាសមាជិកអាស៊ាន។
ក្នុងកិច្ចប្រជុំនេះដែរ កម្ពុជាបានលើកគម្រោង ចំនួន២ សម្រាប់អនុវត្តន៍ក្នុងឆ្នាំ២០២៥ រួមមាន គម្រោងកាត់បន្ថយផលប៉ះពាល់ ដល់ស្ថានីយទូរទស្សន៍ វិទ្យុ និងសារព័ត៌មានបែបប្រពៃណី ក្នុងយុគសម័យបដិវត្តន៍កម្មឌីជីថល និងគម្រោងផលិតមាតិកា ដោយប្រើ ប្រាជ្ញាសប្បនិម្មិត ឬហៅកាត់ថា AI ដែលជាគុណវុឌ្ឍិ ក្នុងការផ្សព្វផ្សាយពីអាស៊ាន។ ដោយឡែក គម្រោងចំនួន១៣ ផ្សេងទៀត ត្រូវបានលើកដោយ តំណាងប្រទេសសមាជិកចំនួន ៤ នៃកិច្ចប្រជុំនេះផងដែរ។
ក្រសួងព័ត៌មាន នឹងចូលរួមកាន់តែសកម្មជាមួយបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យព៌ត័មាន និងដោះស្រាយបញ្ហាប្រឈមរួមក្នុងតំបន់ ៕

