មន្ទីរឧស្សាហកម្មខេត្តកំពង់ស្ពឺ ចេញសេចក្តីបំភ្លឺព័ត៌មានស្តីពី ការផ្គត់ផ្គង់ទឹកមានសភាពល្អក់ របស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាត

ភ្នំពេញ៖ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ស្ពឺ មានកិត្តិយសសូមជម្រាបជូន ដំណឹងដល់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ បណ្តាញទឹកស្អាតរបស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាត ដែលមានទីតាំងនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មេត្តាជ្រាបថា៖ កាលពីរាត្រីថ្ងៃអាទិត្យ ទី១៩ និងថ្ងៃចន្ទ ទី២០ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ទឹកក្នុងបណ្តាញទុយោរបស់សហគ្រាសបុរីកម្មករផលិត និងផ្គត់ផ្គង់ទឹកស្អាតមានសភាពល្អក់ ដោយសារមូលហេតុ៖
-ប្រភពទឹកមានការប្រែប្រួលដោយបានកើនឡើងភាពល្អក់ខាប់យ៉ាងគំហុកនៅពេលយប់ ដែល បណ្តាលឱ្យអ្នកទទួលការងារផ្នែកផលិតពុំបានដឹងមុន ដើម្បីផលិតទឹកឱ្យតាមស្តង់ដារ។
-បម្រែបម្រួលស្ថានភាពប្រភពទឹកនេះគឺបណ្តាលមកពីមានភ្លៀងធ្លាក់ដើមរដូវនៅផ្នែកខាងលើ និងនាំមកនូវភក់ឈប់ចូលក្នុងស្ទឹង។
-ប្រព័ន្ធគ្រប់គ្រងបញ្ជូន និងបញ្ជាទឹកមានលក្ខណៈស្វ័យប្រវត្តិ។
-នៅពេលអ្នកកាន់ការងារផ្នែកផលិតកម្មបានដឹងអំពីស្ថានភាពនេះ ទឹកបានរត់ឆ្លងកាត់ក្នុងប្រព័ន្ធ ទុយោរួចទៅហើយ។
បន្ទាប់ពីបានដឹងភ្លាមអំពីស្ថានភាពទឹកល្អក់ក្នុងបណ្តាញទុយោ អ្នកទទួលខុសត្រូវការងារផ្នែកផលិត បានខិតខំប្រឹងប្រែងសម្អាតទឹកជាបន្ទាន់ដើម្បីផ្គត់ផ្គង់ជូនអ្នកប្រើប្រាស់ល្អដូចដើមឡើងវិញ។
អាស្រ័យហេតុនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងបងប្អូនប្រជា ពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងមេត្តាយោគយល់ចំពោះបញ្ហាដែលបានកើតឡើងកន្លងមកនេះ ៕

