ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍

ភ្នំពេញ៖ ឯកឧត្ដម សក់ សេដ្ឋា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកបវេល បានលើកឡើងថា បច្ចុប្បន្នប្រជាជនកម្ពុជាកំពុងរស់នៅ យ៉ាងសុខុដុមរម្យនា ក្រោមម្លប់នៃសន្តិភាពនិងការឯកភាពជាតិ ហើយកំពុងបោះជំហានទៅមុខ យ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យនិងការអភិវឌ្ឍន៍។
ថ្លែងក្នុងពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្ពោះជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងស្រុកបវេល ខេត្តបាត់ដំបង នៅស្នាក់ការគណបក្សស្រុកបវេល នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ ឯកឧត្ដម សក់ សេដ្ឋា បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតអសកលដើម្បីជ្រើសរើសក្រុម ប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ តាមការកំណត់នៃច្បាប់ បទបញ្ជា និងនីតិវិធី នៃការបោះឆ្នោត ដែលយុទ្ធនាការឃោសនាបោះឆ្នោតនេះមានរយៈពេល០៨ថ្ងៃ ចាប់ពីថ្ងៃទី១៧ ខែឧសភា នេះ រហូតដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
ក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបវេល ឯកឧត្ដម សក់ សេដ្ឋា បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ ឯកឧត្តម លោកជំទាវ លោកស្រី អស់លោក ជាថ្នាក់ដឹកនាំក្រុម ការងារ គណបក្សគ្រប់ថ្នាក់នៃស្រុកបវេល បេក្ខជនក្រុមប្រឹក្សាអាណត្តិទី៤ អង្គបោះឆ្នោតទាំងអស់ មកពីគណបក្សប្រជាជនកម្ពុជាស្រុកបវេល ដែលបានមកជួបជុំគ្នាដើម្បីប្រារព្ធពិធីបើកយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ របស់គណបក្ស ប្រជាជនកម្ពុជាស្រុកបវេល ព្រមជាមួយពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្ស ប្រជាជនកម្ពុជាដែលកំពុងប្រារព្ធធ្វើនៅតាមក្រុង ស្រុកនានា នៃខេត្តបាត់ដំបង និងនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនានានៅទូទាំងប្រទេស។
ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងនាមសម្តេចអនុប្រធានគណបក្ស និងក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តបាត់ដំបង និងស្រុកបវេល ឯកឧត្ដម សក់ សេដ្ឋា ក៏បានសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនជនរួមជាតិទូទាំងស្រុកបវេល ដែលមានការជឿជាក់ និងបានផ្តល់នូវការគាំទ្រយ៉ាងធំធេង និងរឹងមាំចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជានៅគ្រប់កាលៈទេសៈក្នុងរយៈពេលជា ៤៥ឆ្នាំកន្លងមក ធ្វើឱ្យគណបក្សអាចបំពេញបេសកកម្មបម្រើប្រទេសជាតិប្រកបដោយជោគជ័យតាំងពីដំណាក់កាលសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍ រហូតមកសម្រេចបានសមិទ្ធិផលធំៗជា ប្រវត្តិសាស្ត្រយ៉ាងច្រើនជូនប្រទេសជាតិ និងប្រជាជនកម្ពុជា ៕


