រដ្ឋបាលខេត្តមណ្ឌលគិរី ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ គម្រប់ព្រះជន្ម ៧១ យាងចូល ៧២ព្រះវស្សា

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ រដ្ឋបាលខេត្តមណ្ឌលគិរី បានប្រារព្ធពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ក្រោមអធិបតីភាព ឯកឧត្ដម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និងឯកឧត្តម អ៊ុំ ឃន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត។
ពិធីននេះមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី អភិបាលក្រុង/ស្រុក ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្ដម ថង សាវុន អភិបាលខេត្ត បានអានសារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា មានដូចខាងក្រោម៖
«នាឱកាសដ៏មហានក្ខត្តឬក្សឧត្តុង្គឧត្តមវិសេសវិសាល និងជាមង្គលដ៏បវរមហាប្រសើរថ្លៃថ្លាបំផុត តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តមណ្ឌលគិរី ទូលព្រះបង្គំយើងខ្ញុំទាំងអស់ គ្នា សូមក្រាបបង្គំអភិវន្ទសម្តែងថ្វាយនូវអំណរសាទរឥតឧបមា ប្រកបដោយកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត សូម ចូលរួមថ្វាយព្រះរាជសព្វសាធុកាពរជ័យ ក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧១ព្រះវស្សា យាងចូល ៧២ព្រះវស្សា ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។
ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមព្រះបរមរាជានុញ្ញាតអភិវន្ទ លំអោនកាយវាចារចិត្ត ក្រាបបង្គំថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការប្រកប ដោយកតញ្ញូតាធម៌ និងកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះរាជបញ្ញាញាណឈ្វេងយល់ដ៏ឈ្លាសវៃ និងព្រះរាជ សកម្មភាពដ៏ឧត្តុង្គឧត្តមថ្លៃថ្លាប្រកបដោយព្រះគុណធម៌ និងមនុស្សធម៌របស់ ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រក្នុងម្លប់សន្តិភាព ក៏ដូចជាព្រះរាជកិច្ចដ៏ឧត្តុង្គឧត្តម នៃកិច្ចការបរទេសរបស់ព្រះអង្គ ដើម្បីបុព្វហេតុលើកកម្ពស់កិត្យានុភាពជាតិ និងជំរុញការអភិវឌ្ឍវិស័យអប់រំសិក្សាធិការ សិល្បៈ វប្បធម៌ និងសាសនា ជាពិសេស ព្រះអង្គទ្រង់តែងតែសព្វព្រះរាជហឫទ័យប្រោសប្រទានព្រះរាជទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់ ក្នុងការរួម ចំណែកលើកកម្ពស់វិស័យមនុស្សធម៌ សង្គមកិច្ច សុខុមាលភាពសង្គម និងជីវភាពរស់នៅរបស់ប្រជារាស្ត្រ ជាពិសេស ចូលរួម ចំណែកក្នុងយុទ្ធនាការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅព្រះរាជណាចក្រកម្ពុជា។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ឬទ្ធីបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី និងព្រះបារមី នៃអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានី សូមជួយបីបាច់ថែរក្សាអភិបាល ប្រោះព្រំសព្វសាធុកាពរជ័យគ្រប់ប្រការថ្វាយជូនចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សូម ព្រះអង្គបានសមប្រកបតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លាងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍តរៀងទៅ។
សូម ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវភក្តីភាពដ៏ស្មោះស្ម័គ្រ និងអភិវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា» ៕
