ប្រជាពលរដ្ឋ ៤២០ គ្រួសារ ក្នុងខេត្តក្រចេះ ទទួលអំណោយកញ្ចប់អាហារខែរ៉ាម៉ាឌន ពីសប្បុរសជន

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម រ៉ូហ្វី អូស្មាន សមាជិករដ្ឋសភាជាតិ និងជាអនុប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF) អញ្ជើញចែកកញ្ចប់អាហារខែរ៉ាម៉ាឌន របស់អង្គការចាមីយ៉ះប្រទេសសិង្ហបុរី សហការជាមួយ CMDF ដែលកម្មវិធីនេះធ្វើឡើងស្ថិតក្នុងភូមិពង្រ ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ជាទីនឹករលឹកបំផុត។
ជាមួយគ្នាដែរ ឯកឧត្តមបានថ្លែងថា បងប្អូនខ្មែរឥស្លាមនៅកម្ពុជា ពិតមានសំណាងណាស់ ព្រោះបានរស់នៅក្នុងប្រទេសមានសុខសន្តិភាព ហើយត្រូវបានរាជរដ្ឋាភិបាល យកចិត្តទុកដាក់ និងផ្ដល់សិទ្ធិគ្រប់បែបយ៉ាង ដូចប្រជាពលរដ្ឋខ្មែរធម្មតា ដោយមិនមានការរើសអើង ។
ឯកឧត្តមបានបន្តទៀតថា កម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបន្តមកសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឲ្យកម្ពុជា បានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ និងស្វែងរកសុខសន្តិភាពជូនដល់ប្រជាជនកម្ពុជា ទាំងមូល ហើយ ឯកឧត្តម ក៏សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកន្លងមកហើយក៏បានជ្រើសតាំងបេក្ខភាព នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តដឹកនាំ ធ្វើឱ្យប្រទេសកម្ពុជា មានការរីកចម្រើន តទៅមុខទៀត ហើយមានតែគណបក្សប្រជាជនកម្ពុជា តែមួយប៉ុណ្ណោះបានថែរក្សាសន្តិភាព ជូនដល់បងប្អូនជនរួមជាតិទាំងអស់។
ឯកឧត្តម បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើឲ្យមានសុខដុមនីយកម្មសាសនា មានសិទ្ធិគោរពប្រតិបត្តិសាសនា ក៏ដូចជាមានការចូលរួមអភិវឌ្ឍន៍ជាតិ និងសហគមន៍ផងដែរ។ដូច្នេះក្នុងនាមយើងជាបងប្អូនខ្មែរឥស្លាមក៏ដូចជាបងប្អូនខ្មែរទូទាំងប្រទេស ត្រូវដឹងគុណដល់ថ្នាក់ដឹកនាំរបស់យើង ដែលលោកខំប្រឹងទាំងកម្លាំងកាយទាំងកម្លាំងចិត្តទាំងជីវិត និងប្រាជ្ញា ដើម្បីឲ្យប្រទេសជាតិមួយនេះមានសុខសន្តិភាពរហូតមកដល់សព្វថ្ងៃ។
ជាចុងបញ្ចប់ ឯកឧត្តម រ៉ូ ហ្វីអូស្មាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតដល់រាជរដ្ឋាភិបាលដែលបានអនុញ្ញាតឲ្យម្ចាស់ជំនួយនានាជុំវិញពិភពលោក បាននាំយកអំណោយចែកជូនបងប្អូនខ្មែរឥស្លាមនៅក្នុងខែបួសរ៉ាម៉ាឌននេះ ដូច្នេះហើយក្នុងនាមយើងជាប្រជាពលរដ្ឋត្រូវចូលរួមគាំទ្រដល់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសកម្ពុជាជារៀងរហូត៕

