សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញទទួលព្រះរាជដំណើរ ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរ យាងនិវត្តន៍ ពីទីក្រុងប៉េកាំង
ភ្នំពេញ៖ នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងហ្លួងម៉ែ ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានយាងនិវត្តន៍ពីសាធារណរដ្ឋប្រជាមានិតចិនបន្ទាប់ពីបានយាងទៅពិនិត្យព្រះរាជសុខភាព នារយៈពេលកន្លងមក។
សូមក្រាបថ្វាយព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាពតរៀងទៅ។
សូមបញ្ជាក់ថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទី គោ រព សក្ការៈដ៏ខ្ពង់ខ្ពស់ បាន យាងទៅពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គទាំងទ្វេ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្នុងពេលគង់ប្រថាប់នៅប្រទេសចិន កាលពីរយៈពេលប្រមាណមួយខែនេះ ព្រះករុ ណា ជាអម្ចាស់ជីវិតតម្កល់លើត្បូងបានសព្វព្រះរាជហឫទ័យ យាងទៅកាន់ខេត្តនានារបស់ចិន និងព្រះបរម រាជានុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់មួយចំនួនចូលក្រាបបង្គំគាល់ និងសវនាការផងដែរ៕