រដ្ឋបាលខេត្តពោធិ៍សាត់ ប្រជុំត្រួតពិនិត្យ ពិភាក្សាការងារត្រៀមរៀបចំ ទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត

ភ្នំពេញ៖ លោក ហៀម ឃួន អភិបាលរងខេត្ត តំណាង ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំ ទទួលបដិសណ្ឋារកិច្ច វត្តមានដ៏ខ្ពង់ខ្ពស់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលនឹងត្រូវអញ្ជើញជាអធិបតីភាព ក្នុងពិធីបុណ្យឆ្លងព្រះបទុមចេតីយ និងសមិទ្ធផលនានា ក្នុងវត្តមណីរតនារាម ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
កិច្ចប្រជុំនេះត្រូវបានធ្វើឡើង នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត ដោយបានការចូលរួមពី លោកនាយករដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ មន្ទីរអង្គភាពនានាជុំវិញខេត្ត និងតំណាងយុវជន ដែលមានការពាក់ព័ន្ធមួយចំនួនទៀត ៕
