រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ ផ្ដល់ការគាំទ្រដល់បុគ្គលិក ឲ្យបន្តការរៀនសូត្រ និងការបណ្ដុះបណ្ដាលបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្ត ដល់សហគ្រាសទាំងអស់ និងម្ចាស់អាជីវកម្មទាំងអស់ ផ្ដល់ការគាំទ្រដល់បុគ្គលិក-និយោជិត ឲ្យបន្តការរៀនសូត្រ និងការបណ្ដុះបណ្ដាលបន្ថែមទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងលើកទឹកចិត្ដបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ពិធីបើកទិវាជាតិ វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ លើកទី២ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានបញ្ជាក់យ៉ាងដូច្នេះថា ឯកឧត្តមសូមលើកទឹកចិត្តដល់សហគ្រាសទាំងអស់ សហគ្រិនម្ចាស់អាជីវកម្មទាំងអស់ សូមជួយបណ្ដុះ និងសូមផ្តល់ពេលវេលា និងសុំផ្តល់ការគាំទ្រដល់បុគ្គលិក ដល់និយោជិតរបស់យើង ឲ្យលោកបន្តរៀនសូត្រ និងបន្ដឲ្យមានការបណ្តុះបណ្តាល ដោយយើងចូលរួមទាំងអស់គ្នា។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា កាលណាយើង ចាប់យកនូវបច្ចេកវិទ្យា វាតែងតែមានការចំណាយបន្ថែម ប៉ុន្តែលោកសូមលើកទឹកចិត្ត ឲ្យបងប្អូនគិតជាសេដ្ឋកិច្ច គិតជាពាណិជ្ជកម្ម ព្រោះថា ពេលខ្លះការវិនិយោគបន្ថែម គឺមានប្រសិទ្ធភាពខ្ពស់ជាងមុន។
ឯកឧត្តមរដ្ឋមន្ត្រី បានឲ្យដឹងថា នៅក្នុងការគាំទ្រ ដល់វិស័យសហគ្រាសធុនតូច និងមធ្យម រាជរដ្ឋាភិបាល ក៏បានបង្កើតនូវយន្តការមួយចំនួន ដូចជា៖ សហគ្រិនខ្មែរ ដែលបានជួយ ទៅលើសហគ្រិនភាព។ ហើយកាលណាយើងមានការវិនិយោគធំជាងមុន យើងត្រូវចេះគ្រប់គ្រង យើងត្រូវចេះរៀបចំ ផែនការអាជីវកម្ម យើងត្រូវចេះចាត់ចែងអាជីវកម្ម ឲ្យមានប្រសិទ្ធភាព ព្រោះទុនធំជាងមុន។
នេះគឺជាការនាំបងប្អូនទៅកាន់ឈានទៅរកទីផ្សារ ឈានទៅរកដៃគូពាណិជ្ជកម្ម គឺសហគ្រិនបានរៀបចំច្រើន។ ចំពោះបញ្ហាទុន គឺរាជរដ្ឋាភិបាល បានបង្កើតនូវធនាគារសហគ្រាសធុនតូច និងមធ្យម និងធនាគារ ARDB ហើយវិស័យធនាគារទាំងមូល ក៏កំពុងតែចូលរួមផងដែរឥលូវនេះ។ នេះជាការបញ្ជាក់បន្ថែម របស់ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី។
ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី សង្ឃឹមថា តាមរយៈមធ្យោបាយទាំងអស់នេះ គឺនឹងមានទុន និងមានការគាំទ្រ ជាពិសេសវិស័យធនាគារ គាំទ្រ និងគិតថា នេះមានសារៈសំខាន់ យើងដឹងថា វិស័យធនាគារមានទុន ដើម្បីគាំទ្របងប្អូនបានច្រើន ៕

