រដ្ឋមន្ត្រីការបរទេសអាមេនី៖ អាមេនីកំពុងពិចារណាពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេនី លោក Ararat Mirzoyan បានឲ្យដឹងកាលពីថ្ងៃសុក្រថា ប្រទេសអាមេនី កំពុងពិចារណាដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុប។
នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍ជាមួយប៉ុស្តិ៍ TRT របស់ទួរគីនៅខាងក្រៅការជួបជុំការទូតនៅទីក្រុង Antalya ប្រទេសទួរគី លោក Mirzoyan បានបញ្ជាក់ថា អាមេនីកំពុងស្វែងរកការខិតទៅជិតលោកខាងលិច ចំពេលមានទំនាក់ទំនងកាន់តែអាក្រក់ជាមួយរុស្ស៊ី។
លោក Mirzoyan បានបន្តថា ឱកាសថ្មីត្រូវបានពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងប្រទេសអាមេនីនាពេលបច្ចុប្បន្ននេះ។ នោះរួមបញ្ចូលទាំងសមាជិកភាពក្នុងសហភាពអឺរ៉ុប។
ការកត់សម្គាល់របស់គាត់ធ្វើតាមរបាយការណ៍នៅក្នុងសារព័ត៌មានអាមេនីដែលថានាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan គ្រោងនឹងចាប់ផ្តើមដំណើរការដាក់ពាក្យសុំរបស់សហភាពអឺរ៉ុបនៅចុងឆ្នាំ២០២៤។
លោក Pashinyan បានបម្រើការជានាយករដ្ឋមន្ត្រីរបស់ប្រទេសអាមេនីចាប់តាំងពីឆ្នាំ២០១៨ ហើយបានដឹកនាំកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយលោកខាងលិច ជាពិសេសបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២ និងការកើនឡើងនៃការគាំទ្ររបស់វិមានក្រឹមឡាំងចំពោះគូប្រជែងក្នុងតំបន់របស់ប្រទេសអាមេនី។
ប្រភព៖ Politico
ប្រែសម្រួលដោយ៖ ឡាយ លីហួ
