សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទៅចុះបញ្ជីក្នុងក្រុមសេដ្ឋកិច្ចក្នុងប្រព័ន្ធ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឲ្យក្រុមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ទៅចុះបញ្ជីក្នុងក្រុមសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីឱ្យក្រុមអ្នកប្រកបរបរជំនួញផ្សេងៗ រួមផ្ដុំគ្នាកាន់តែរឹងមាំ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារ តេជោសែន» និងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ នារសៀលថ្ងៃទី២១ កុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាក្រុមអ្នកប្រកបរបរជំនួញ ផ្សេងៗដែលមិនទាន់បានចុះបញ្ជី។
សម្តេចធិបតី មានប្រសាសន៍ថា ការទាញយកអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលមកក្នុងប្រព័ន្ធ នឹងក្លាយជាថាមពលសេដ្ឋកិច្ច។ សម្ដេចបន្ថែមថា ដើម្បីឱ្យសេដ្ឋកិច្ចរឹងមាំ ត្រូវធ្វើឱ្យវិស័យឯកជនរឹងមាំ ។
សម្តេចធិបតី គូសបញ្ជាក់ថា ប្រទេសយើងតូច ប៉ុន្តែប្រសិនបើយើងរួមគ្នា ជាពិសេសរួមគ្នា រវាងវិស័យឯកជន និងរាជរដ្ឋាភិបាល នឹងក្លាយទៅជាកម្លាំងធំណាស់ ៕
