ឧបនាយករដ្ឋមន្ត្រី ស សុខា កោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរបណ្ឌិត្យសភានគរបាលកម្ពុជា និង សាលានគរបាលជាតិភូមិភាគ១ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់និងប្រកបដោយមោទនភាព ដើម្បីបំពេញបានតម្រូវការជាក់ស្តែងនៃការងារបណ្តុះបណ្តាលធនធានមនុស្ស។
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានលើកឡើងបែបនេះ នៅក្នងឱកាសអញ្ជើញសម្ពោធផ្លូវបេតុង សមិទ្ធផលថ្មីៗ និងពិធីបិទវគ្គបណ្តុះ បណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ ដែលមានសិស្សនគរបាលជ័យលាភីចំនួន ១៧៧នាក់ នៅសាលានគរបាលជាតិភូមិភាគ១ ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងកោតសរសើរដល់ប្អូនៗជាសិស្សនគរបាលជ័យលាភី ទាំងអស់ដែលបានខិតខំសិក្សាទទួលបានជោគជ័យ ព្រមទាំងបានផ្តាំផ្ញើឱ្យបន្តការសិក្សា ដកស្រង់បទពិសោធ ពង្រឹង និងពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដើម្បីបំពេញភារកិច្ចទទួលខុសត្រូវបានល្អ ប្រសើរជូនជាតិនិងប្រប្រជាពលរដ្ឋ៕

