ប្រធាននាយកដ្ឋានជំនាញ នៃក្រសួងធនធានទឹក អញ្ជើញចូលរួមសន្និបាតទឹកអន្តរជាតិឆ្នាំ២០២៤ នៅរដ្ឋមេហ្គាឡាយ៉ា ប្រទេសឥណ្ឌា

ភ្នំពេញ៖ ប្រធាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក នៃក្រសួងធនធានទឹក និងឧតុនិយម លោក ថាច់ សុវណ្ណា បានអញ្ជើញចូលរួមសន្និបាតទឹកអន្តរជាតិឆ្នាំ២០២៤ នៅទីក្រុងស៊ីឡុង ដែលរៀបចំឡើងដោយរដ្ឋាភិបាលនៃរដ្ឋមេហ្គាឡាយ៉ា (Meghalaya) ចាប់ពីថ្ងៃទី៩-១០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមកិច្ចសហការជាមួយក្រសួងធនធានទឹក នៃប្រទេសឥណ្ឌា។
បើតាមលោក ថាច់ សុវណ្ណា គោលបំណងចម្បងនៃសន្និបាតគឺដើម្បីដោះស្រាយបញ្ហាទឹកដែលកំពុងប្រឈមដោយរដ្ឋភ្នំនៅក្នុងប្រទេសឥណ្ឌា ព្រមទាំងជួយសម្របសម្រួលដល់កិច្ចពិភាក្សាក្នុងចំណោមអ្នកជំនាញជាតិ និងអន្តរជាតិ អ្នកបង្កើតគោលនយោបាយ អ្នកស្រាវជ្រាវ និងអ្នកពាក់ព័ន្ធលើការអនុវត្តការអភិរក្សទឹកប្រកបដោយនិរន្តរភាព ជាពិសេសរដ្ឋនៅតំបន់ភ្នំនៃប្រទេសឥណ្ឌា។
លោកប្រធាននាយកដ្ឋានបញ្ជាក់ថា សន្និបាតនេះបានធ្វើជាសាក្សីនូវការចូលរួមរបស់អ្នកជំនាញ និងអ្នកអនុវត្តជំនាញ ដែលមានឯកទេសខាងសន្តិសុខទឹក ការប្រែប្រួលអាកាសធាតុ និងបញ្ហាពាក់ព័ន្ធនៅក្នុងរដ្ឋមេហ្គាឡាយ៉ា ក៏ដូចជារដ្ឋភាគឦសានផ្សេងៗទៀតនៃប្រទេសឥណ្ឌា។ លោកបានឱ្យដឹងបន្ថែមទៀតថានៅក្នុងសន្និបាតទឹកអន្តរជាតិឆ្នាំ២០២៤នេះ ក៏បានអនុញ្ញាតឱ្យបណ្តាប្រទេសដែលចូលរួម ចែករំលែកបទពិសោធន៍ពីការគ្រប់គ្រងធនធានទឹកក្នុងប្រទេសរៀងៗខ្លួនផងដែរ ៕


