របបយោធាមីយ៉ាន់ម៉ា បន្ធូរបន្ថយច្បាប់ចុះឈ្មោះបោះឆ្នោតមុនពេលផុតកំណត់នៃភាពអាសន្ន

បរទេស៖ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានប្រកាសពីការបន្ធូរបន្ថយច្បាប់ចុះឈ្មោះបោះឆ្នោតសម្រាប់គណបក្សនយោបាយ ប៉ុន្មានម៉ោងមុនថ្ងៃផុតកំណត់នៃការដាក់ប្រទេសក្នុងគ្រាអាសន្នចាប់តាំងពីមានរដ្ឋប្រហារកាលពីបីឆ្នាំមុន។
របបយោធាដែលបានប្តេជ្ញាថានឹងរៀបចំការបោះឆ្នោតមួយ ហើយត្រលប់ទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ បានបញ្ជាក់ថា ខ្លួនបានកាត់បន្ថយកម្រិតអប្បបរមាសម្រាប់សមាជិកភាពគណបក្ស និងភាគរយនៃសង្កាត់ដែលត្រូវតែដំណើរការ។
ឧត្តមសេនីយទាំងនោះមិនបានកំណត់ពេលវេលាសម្រាប់រៀបចំការបោះឆ្នោតនោះទេ ហើយកាលពីឆ្នាំមុនបានរំសាយយ៉ាងហោចណាស់គណបក្សចំនួន ៤០ សម្រាប់ការខកខានក្នុងការចុះឈ្មោះ ក្នុងនោះមានគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដែលកំពុងកាន់អំណាចរបស់អតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលរបបយោធាបានចាប់ដាក់គុក។
ភាពអាសន្នរយៈពេលប្រាំមួយខែដែលត្រូវបានពន្យារពេលម្តងហើយម្តងទៀតនោះនឹងត្រូវផុតកំណត់នៅពេលក្រោយនៅថ្ងៃពុធ។
ដោយលើកឡើងពីភាពមិនប្រក្រតីនៃការបោះឆ្នោតដែលមិនបានដោះស្រាយ មេទ័ពបានដណ្តើមអំណាចនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយបញ្ចប់ភ្លាមៗនូវលទ្ធិប្រជាធិបតេយ្យ និងកំណែទម្រង់រយៈពេលមួយទសវត្សរ៍ ត្រឹមតែប៉ុន្មានខែបន្ទាប់ពីការឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីដោយគណបក្ស NLD ដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង។
គណបក្ស NLD ដែលបាននិយាយថាការបោះឆ្នោតមានភាពសេរី និងយុត្តិធម៌ បានគ្រោងនឹងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ដើម្បីកាត់ផ្តាច់យោធាចេញពីនយោបាយ ហើយនាំវាឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជនស៊ីវិល។
យោធាកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីការឡើងកាន់អំណាចលើកដំបូងនៅក្នុងអតីតអាណានិគមអង់គ្លេសក្នុងឆ្នាំ១៩៦២ ជាមួយនឹងការបះបោរគាំទ្រលទ្ធិប្រជាធិបតេយ្យដែលដឹកនាំដោយយុវជនបានផ្លាស់ប្តូរទៅជាចលនាតស៊ូប្រដាប់អាវុធបន្ទាប់ពីការបង្ក្រាបដ៍សាហាវលើអ្នកប្រឆាំងក្រោយរដ្ឋប្រហារ។
របបយោធាបានប្រើប្រាស់កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដើម្បីព្យាយាមបង្ក្រាបក្រុមជីវពលសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលស្រមោល និងកងទ័ពជនជាតិភាគតិច ដែលភាគច្រើនបានចាប់ផ្តើមការវាយលុកដោយសម្របសម្រួលក្នុងខែតុលា ដែលបានធ្វើឱ្យយោធាស្រឡាំងកាំង និងធ្វើឱ្យបាត់បង់ភាពជឿជាក់នៃសមរភូមិ។
សេចក្តីប្រកាសកាលពីថ្ងៃពុធនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានកាត់បន្ថយតម្រូវការសមាជិកភាពអប្បបរមាមកត្រឹម ៥០,០០០ ធ្លាក់ចុះពី ១០០,០០០ ហើយបានបញ្ជាក់ថា ភាគីត្រូវតែអនុវត្តសកម្មភាពនៅក្នុងទីប្រជុំជនមួយភាគបី ធ្លាក់ចុះពីពាក់កណ្តាល។
ប្រទេសលោកខាងលិច ដែលបានដាក់ទណ្ឌកម្មលើវិស័យយោធា បានបង្ហាញសញ្ញារួចហើយថាពួកគេនឹងមិនទទួលស្គាល់ការបោះឆ្នោតនោះទេ។
ប្រភព៖ CNA
ប្រែសម្រួលដោយ៖ ឡាយ លីហួ
