ឯកឧត្តម សុន សុខកេង ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការ សម្របសម្រួលបទអន្តរាគមន៍ ត្រៀមសម្រាប់ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ

ភ្នំពេញ៖ ឯកឧត្តម សុន សុខកេង អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អនុប្រធានអនុគណៈកម្មការ នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ បានដឹកនាកិច្ចប្រជុំអនុគណៈកម្មការសម្របសម្រួលបទអន្តរាគមន៍ ត្រៀមសម្រាប់ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ដោយមានការចូលរួមពី ឯកឧត្តម លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកា នៃអនុគណៈកម្មការសម្របសម្រួលបទអន្តរាគមន៍ និងតំណាងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី/ខេត្ត ជាច្រើនរូបផ្សេងទៀត។
កិច្ចប្រជុំនាឱកាសនេះ ឯកឧត្តម សឿន ប៊ុនលី អគ្គនាយកផែនការ និងគោលនយោបាយ បានរាយការណ៍អំពីវឌ្ឍនភាពនៃការរៀបចំបទអន្តរាគមន៍ភ្ជាប់ជាមួយនឹងគម្រូ (ស្ថានភាពទូទៅ និងសមិទ្ធផល, ចំណុចខ្លាំង, ចំណុចខ្សោយ បញ្ហាប្រឈម ដំណោះស្រាយ និងសំណូមពរ)សម្រាប់ត្រៀមពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងអំឡុងសប្តាហ៍ទី៤ នៃខែកុម្ភៈ។
ឯកឧត្តម អនុរដ្ឋលេខាធិការ អនុប្រធានអនុគណៈកម្មការ បានស្នើឱ្យគ្រប់ផ្នែកពាក់ព័ន្ធ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យការត្រៀមរៀបចំបទអន្តរាគមន៍ ប្រព្រឹត្តទៅបានដោយរលូន តាមផែនការដែលបានគ្រោងទុក៕

