ការបណ្តុះបណ្តាលជំនាញ ១.៥លាននាក់៖ យុវជនភូមិភាគឦសានខេត្តក្រចេះ ចាប់អារម្មណ៍លើជំនាញបច្ចេកទេស ៧មុខជំនាញ ដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ

ភ្នំពេញ៖ លោក អ៊ង់ គឺមភឿន នាយកនៃវិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនឦសានស្ថិតនៅខេត្តក្រចេះ នៅថ្ងៃទី១១ មករា ២០២៤ នេះបានឱ្យដឹងថាយុវជនក្នុងខេត្តក្រចេះចាប់អារម្មណ៍លើជំនាញ៧មុខក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីដើម្បីលើកកម្ពស់ជីវភាពក្រុមគ្រួសារ។
លោកនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ជំនាញទាំង៧នោះ មានសេវាកម្មបរិក្ខាត្រជាក់ សេវាកម្មកុំព្យូទ័រ ការតបណ្តាញអគ្គិសនីក្នុងអាគារ សម្អាងកាយ សេវាកម្មជួសជុលរថយន្ត ផ្សារដែក និងការងារកំបោរខណៈយុវជនបានចុះឈ្មោះចូលរៀនចំនួន១៨៩នាក់ចាប់តាំងពីនៅថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០២៣ មកទល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នេះ។
សម្រាប់ការបើកបវេសនកាលដំបូងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ខាងមុខ វិទ្យាស្ថានពហុច្ចេកទេសភូមិភាគតេជោសែនឦសាន បានរៀបចំត្រៀមខ្លួនរួចជាស្រេច ទាំងសម្ភារៈ ថ្នាក់រៀន រោងជាង បន្ទប់ពិសោធន៍ និងគ្រូបណ្តុះបណ្តាលដែលពោពេញទៅដោយសមត្ថភាព។ នេះបើតាមការអះអាងដដែល។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានដាក់ឱ្យអនុវត្តន៍ជាផ្លូវការនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ១,៥ លាននាក់ ដែលការបណ្តុះបណ្តាលនេះមានរយៈពេល៤ខែ សិក្សាដោយឥតគិតថ្លៃ ដោយឡែកយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល រហូតដល់រៀនចប់៕
