នាយករដ្ឋមន្ត្រី ណែនាំឲ្យរដ្ឋមន្ត្រីអមសម្ដេចទៅក្រៅប្រទេស កុំទៅគ្រាន់តែអម ត្រូវឆ្លៀតឱកាសជួបផ្ទាល់ ធ្វើការផ្ទាល់ជាមួយដៃគូ និងក្រុមហ៊ុន

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យគណៈប្រតិភូ និងរដ្ឋមន្ត្រីដែលអមដំណើរ សម្តេចទៅក្រៅប្រទេស កុំទៅគ្រាន់តែអម ត្រូវឆ្លៀតឱកាសជួបផ្ទាល់ ធ្វើការផ្ទាល់ជាមួយដៃគូ និងក្រុមហ៊ុន ទាំងឯកជន ទាំងរដ្ឋ។
ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ស្មារតីបុរេសកម្ម គឺត្រូវដើរគោះទ្វារតែម្តង ដើម្បីជួបប្រាស្រ័យទាក់ទង ជាមួយបណ្ដាដៃគូ ក៏ដូចជាក្រុមហ៊ុន ក្នុងទាញដៃគូ ក៏ដូចជាក្រុមហ៊ុន ទាំងនោះឲ្យមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ។
សម្ដេចធិបតីបញ្ជាក់ថា «រាល់កិច្ចការទាំងអស់ រាល់បេសកកម្មទាំងអស់ គឺតែងតែ ឆ្លៀតទាក់ម៉ូយក្រៅ បានន័យថាគាត់ ក្រៅពីទៅអមខ្ញុំ ចូលជួបជាមួយនឹងក្រុមហ៊ុន ឬមួយក៏ដៃគូ គាត់ទៅ ជួបផ្ទាល់ជាមួយវិស័យឯកជន ជួបផ្ទាល់ជាមួយនឹងរដ្ឋមន្ត្រីដៃគូនៅតាមប្រទេសនីមួយៗ ហើយខ្ញុំបានណែនាំ ឲ្យរដ្ឋមន្ត្រីទាំងអស់ដែលទៅអមខ្ញុំ កុំទៅអមខ្ញុំ គ្រាន់តែអម អង្គុយអមខ្ញុំ ត្រូវឆ្លៀតឱកាសនឹង ដើម្បីជួបផ្ទាល់ ធ្វើការផ្ទាល់ទៅ មុននឹងទៅត្រៀមលក្ខណៈដើម្បីធ្វើ នឹងហើយបុរេសកម្ម ដើរគោះទ្វារ ទាំងវិស័យឯកជន ទាំងវិស័យរដ្ឋជួប នឹងហើយដែលយើងត្រូវធ្វើ» ៕
