សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញអនុសាសន៍ ៦ចំណុច ដើម្បីរក្សាស្ថេរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារធនាគារវីងថៅវើ នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញ អនុសាសន៍ចំនួន ៦ចំណុច ដើម្បីបន្តធានារក្សាបាននូវស្ថិរភាព និងភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារ ព្រមទាំងលើកកម្ពស់តួនាទីរបស់ធនាគារ នៅក្នុងសកម្មភាពសេដ្ឋកិច្ច។
អនុសាសន៍ទាំង ៦ចំណុចនោះ រួមមាន៖
ទី១៖ ធនាគារទាំងអស់សូមពិនិត្យលទ្ធភាពក្នុងការផ្តល់សេវាកម្មរបស់ខ្លួនឲ្យកាន់តែទូលំទូលាយ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា សំដៅរួមចំណែកដល់ការកាត់បន្ថយ ភាពក្រីក្រី, កាត់បន្ថយវិសមភាពសេដ្ឋកិច្ច និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព
ទី២៖ សូមលើកទឹកចិត្តដល់ធនាគារវីង និងធនាគារក្នុងស្រុកដទៃទៀត សូមពិនិត្យលទ្ធភាពផ្តល់ឥណទានឲ្យបានកាន់តែច្រើន ដល់សហគ្រាសមីក្រូធុនតូច និងមធ្យម ដើម្បីជួយសម្រាលសម្ពាធហិរញ្ញវត្ថុ និងរួមចំណែកដល់ការរក្សាស្ថិរភាពនៃសកម្មភាពសេដ្ឋកិច្ចកម្ពុជា
ទី៣៖ សូមលើកទឹកចិត្តឲ្យគ្រប់ធនាគារ, ទាំងការពង្រីកឥណទាន និងបង្កើនសំពាធឥណទាន (Loan Porfolio) ដល់វិស័យកសិកម្ម, ជាពិសេសឥណទានសម្រាប់ដំណាំស្រូវ និងឥណទានបៃតង ដើម្បីបង្កើនការនាំចេញអង្ករ ប្រណិតកម្ពុជាទៅទីផ្សារអន្តរជាតិ, លើកកម្ពស់ចីរភាព និងរួមចំណែកដល់ការពង្រឹងសន្តិសុខស្បៀង ព្រមទាំងរួមចំណែកដល់កម្មវិធី គោលអទិភាពរបស់រាជរដ្ឋាភិបាល, ជាពិសេសយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម, រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ
ទី៤៖ សូមលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរៀបចំឥណទានឡើងវិញ ចំពោះវិស័យទេសចរណ៍នៅខេត្តសៀមរាប ជូនអតិថិជនដែលជួបប្រទះការលំបាកផ្នែកហិរញ្ញវត្ថុ បណ្តោះអាសន្ន ដោយមិនចាំបាច់ធ្វើ សំវិធានធនរយៈពេល១២ខែ, ដែលបានប្រកាសអនុញ្ញាតនៅក្នុង «វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩» កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ
ទី៥៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ត្រូវរៀបចំជាកម្មវិធី ផ្តល់កម្ចីដោយផ្ទាល់ដល់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាប ជាមួយនឹងអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះផ្សេងទៀត ដើម្បីអនុញ្ញាតឲ្យបងប្អូនយើងដែលជាប្រតិបត្តិករទេសចរណ៍ អាចទទួលបាននូវហិរញ្ញប្បទាន ក្នុងចំនួនទឹកប្រាក់សមស្របតាមប្រភេទអាជីវកម្ម
ទី៦៖ ធនាគារជាតិ នៃកម្ពុជា គួររិះរកវិធីសមស្របដើម្បីបន្ទរបន្ថយនូវបទប្បញ្ញត្តិប្រុងប្រយ័ត្នមួយចំនួនដែលចាំបាច់ ក្នុងការផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបន្តដើរ តួនាទីកាន់តែសំខាន់ក្នុងការរួមចំណែកគាំទ្រក្រុមហ៊ុន-សហគ្រាសឯកជន៕
