ព្រះអង្គ នរោត្តម ចក្រាវុធ លើកទឹកចិត្តឱ្យក្រុមអាជីវករ ប្រជាកសិករពង្រីកវិសាលភាពការដាំដុះ និងរួមគ្នាលើកស្ទួយការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន

ភ្នំពេញ៖ នៅរាត្រីថ្ងៃសុក្រ ទី៨ ខែធ្នូ ឆ្នាំ២០២៣ ព្រះអង្គ នរោត្តម ចក្រាវុធ បានយាងចូលរួម ការរៀបចំកម្មវិធី “កសិកម្ម វាលបៃតង” សម្រាប់ឆ្នាំ២០២៣ បង្ហាញពីផលិតផលកសិកម្មដែលមានសក្ដានុពលរបស់កម្ពុជា ដែលបានរៀបចំឡើងនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
នាឱកាសនោះដែរ ព្រះអង្គម្ចាស់ ក៏បានជួបសំណេះសំណាល ជាមួយក្រុម អាជីវករ សិប្បកម្មខ្នាតតូច ប្រកបដោយភាពស្និទ្ធស្នាល ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុត នារាត្រីនោះ ។
ព្រះអង្គម្ចាស់ ក៏បានជម្រុញលើកទឹកចិត្ត ឱ្យក្រុមអាជីវករ ប្រជាកសិករ បន្តខិតខំពង្រឹងពង្រីកវិសាលភាព ដោយការដាំដុះ ផលិត និងរួមគ្នាលើកស្ទួយ ការប្រើប្រាស់ ផលិតផលក្នុងស្រុកឱ្យកាន់តែច្រើន ដើម្បីធ្វើយ៉ាងណាលើកស្ទួយវិស័យកសិកម្ម និងធ្វើឱ្យសេដ្ឋកិច្ច ល្អប្រសើរឡើង៕
