អណ្ដើកហ្លួង ឬអណ្តើកសរសៃ ជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក

ភ្នំពេញ៖ អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ កំពុងតែថយចុះនៃចំនួនរបស់វានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វអណ្ដើកជិតផុតពូជបំផុតពីផែនដី។
នៅក្នុងប្រទេសកម្ពុជា វាក៏កំពុងតែប្រឈមទៅនឹងកត្តាគំរាមកំហែងតាមរយៈការធ្វើអាជីវកម្ម បូមខ្សាច់ និងការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រកដោយសារមានការរំលោភយកដីខុសច្បាប់ និងការកាប់បំផ្លាញព្រៃលិចទឹកផងដែរ…។
យោងតាម អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) បានឱ្យដឹងថា អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ វាអាចរស់នៅបានដល់អាយុ១៥០ឆ្នាំ។ ជាប្រភេទអណ្តើកទឹកសាបមានមាឌធំ ដែលស្នូករបស់វាមានប្រវែងរហូតដល់ទៅ៦២,៥សង់ទីម៉ែត្រ ចំណីរបស់វារួមមាន៖ រុក្ខជាតិ និងផ្លែឈើព្រៃដែលដុះតាមប្រព័ន្ធព្រែកស្រែអំបិលតាមរដូវកាលដូចជាផ្លែអំពូ ផ្លែអំពា ផ្លែការ៉ងរីស ផ្លែកោងកាង និងមច្ឆជាតិនៅក្នុងទឹកមាន ក្តាម បង្គា ត្រី និងខ្យងជាដើម។
អង្គការសមាគមអភិរក្សសត្វព្រៃ បន្តថា អណ្តើកហ្លួង ឬហៅថាអណ្តើកសរសៃ រស់នៅតាមព្រែក និងដៃសមុទ្ទធំៗក្នុងតំបន់ភាគខាងត្បូងឧបទ្វីបម៉ាឡេ (ខាងត្បូងប្រទេសថៃ និងភាគខាងលិចប្រទេសម៉ាឡេស៊ី កោះស៊ូម៉ាត្រា និងមាននៅសេសសល់ខ្លះក្នុងប្រទេសកម្ពុជា។
អណ្តើកហ្លួង ឬអណ្តើកសរសៃនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការស្ដារ និងរក្សាលំនឹងអេកូឡូស៊ីក្នុងឋានប្រព័ន្ធទឹកសាប ជាពិសេសនៅតាមប្រព័ន្ធព្រែកស្រែអំបិល។ ទន្ទឹមនឹងនោះអង្គការសមាគមអភិរក្សសត្វព្រៃ ក៏បានអំពាវនាវដល់គ្រប់គ្នាសូមចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា ដោយមិនបរិភោគសាច់សត្វព្រៃ មិនទិញសម្ភារផលិតចេញពីសត្វព្រៃ និងមិនបំផ្លាញទីជម្រក (ព្រៃឈើ) របស់ពួកវាជាដើម៕
