ប្រតិភូនាយទាហានវ័យក្មេង កងទ័ពជើងគោកសិង្ហបុរី បំពេញទស្សនកិច្ច នៅបញ្ជាការដ្ឋានវិស្វកម្ម

ភ្នំពេញ៖ ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានបំពេញ
ទស្សនកិច្ចនៅ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក បន្ទាយត្រាំខ្នារ ខេត្តតាកែវ ។
នៅក្នុងឱកាសនោះ ប្រតិភូនាយទាហានវ័យក្មេងកងទ័ពជើងគោកសិង្ហបុរី ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម និងនាយទាហានជាន់ខ្ពស់ជាច្រើនរូបទៀត ។
សូមបញ្ជាក់ថា កម្មវិធីផ្លាស់ប្តូរនាយទាហានវ័យក្មេង រវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោក សិង្ហបុរី (RAC – SAF Junior Offiers Exchange Program) មានរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងស្វែងយល់រវាងគ្នាទៅវិញទៅមក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន និយាយជារួម និងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរី និយាយដោយឡែក ស្របតាមគោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នារវាងមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងកិច្ចប្រជុំពហុភាគីមេបញ្ជាការកងទ័ពជើងគោក នៃបណ្តាប្រទេសសមាជិកអាស៊ាន លើកទី២៤ (24th ACAMM) នៅហួរហ៊ីន ព្រះរាជាណាចក្រថៃ ហើយគឺជាការផ្លាស់ប្តូរលើកទី១ រវាងកងទ័ពជើងគោក កម្ពុជា-សិង្ហបុរីផងដែរ ៕
