សម្តេចធិបតី៖ រាជរដ្ឋាភិបាលអាណត្តិថ្មី បន្តពង្រឹងការអនុវត្តន៍កម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងនីតិកាលទី៧ នេះរដ្ឋាភិបាលបានកំណត់យកការធ្វើស្ថានូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ គ្រប់ជនងាយរងគ្រោះក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈការដាក់ចេញនូវគោលនយោបាយណែនាំស្តីពីក្របខណ្ឌជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលសម្រេចធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមដែលមានការដាក់អោយអនុវត្តន៍ ពង្រឹង និងពង្រីកវិសាលភាពកម្មវិធីមួយចំនួនដែលត្រូវធ្វើសមាហរណកម្មក្នុងក្របខណ្ឌអនុវត្តតែមួយ និងមានលក្ខណៈស្វ័យប្រវត្តិ ពោលគឺចូលជាកញ្ចប់គ្រួសារ។
ទន្ទឹមគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាអោយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ រាជរដ្ឋាភិបាលនៅតែផ្តោតលើមនុស្សជាចម្បង ដែលនឹងបន្តជំរុញការកសាងប្រព័ន្ធគាំពារសង្គមអោយមានលក្ខណៈប្រមូលផ្តុំ សង្គតិភាព ប្រសិទ្ធភាព ចីរភាព ដើម្បីឈរលើស្មារតីដែលមិនបោះបង់ពលរដ្ឋណាម្នាក់តាមយរយៈការផ្តល់កិច្ចអន្តរាគមន៍របស់រដ្ឋាភិបាលដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ៕

