សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រោយខកខានអស់រយៈពេល ៣ឆ្នាំ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ក្រោយពីខកខានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ អស់រយៈពេល៣ឆ្នាំមក ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ បានប្រារព្ធធ្វើឡើងវិញរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងបរិយាកាសសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាព។
សម្ដេចមហាបវរធិបតី ក៏បានបង្ហាញទិដ្ឋភាពរួមទូទៅរបស់ប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា រួមទាំងទេសចរណ៍បរទេស អញ្ជើញទស្សនាកម្សាន្ត ការប្រណាំងទូកង និងស្តង់ពិព័រណ៌ផ្សេងៗជាច្រើន។
សូមជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំ២០២៣នេះ មានទូកង ចូលរួមប្រកួតប្រជែងប្រមាណ ៣៣៨ទូក និងមានប្រទីបរបស់បណ្តាក្រសួងស្ថាប័ននានា ចំនួន៣០ប្រទីប ៕
