ប្រទីបក្រសួងបរិស្ថាន កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានការទស្សនា ពីប្រជាពលរដ្ឋ និងភ្ញៀវបរទេស ជាច្រើននាក់

ភ្នំពេញ៖ ប្រទីបក្រសួងបរិស្ថាន កំពុងទទួលបានការចាប់អារម្មណ៍ និងទទួលបានការទស្សនា ពីប្រជាពលរដ្ឋ និងភ្ញៀវបរទេស ជាច្រើននាក់ មកទស្សនា តាមបណ្តោយទន្លេសាបត្រើយខាងលិចមុខព្រះបរមរាជវាំង នាយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកគ្រោងរៀបចំ ឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្រសួងបរិស្ថានបានរៀបចំប្រទីប ដែលបានរចនាឡើង ដោយមានភ្លើង ផ្កាភ្ញី ស្រស់បំព្រងព្រមទាំងក្បូរក្បាច់រចនាបែបខ្មែរ ដោយយកនិម្មិត្តសញ្ញា នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ជាគោល។
យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមាន យុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន ពង្រឹងគោលនយោបាយ កសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ។ ព្រមទាំង មានរង្វង់កាំមានចលនា ចល័តវិលជុំ ដើម្បីរុញបង្វិលយុទ្ធសាស្រ្ត៣ផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺ ភាពស្អាត ភាពបៃតង និង ចីរភាព។
សូមកុំភ្លេចចូលរួមទស្សនា ព្រះរាជពិធីបុណ្យអុំទូក លយប្រទីប សំពះព្រះខែ និងអកអំបុក ឱ្យបានមហោឡារិក និងអធិកអធម ដែលក្នុងនោះ ក្រៅពីមាន ពិធីប្រឡងប្រណាំងទូកង និងទូកមួង គណៈកម្មាធិការរៀបចំបុណ្យជាតិនិងអន្តរជាតិ បានរៀបចំបណ្តែតប្រទីបចំនួន៣០ របស់ក្រសួង ស្ថាប័ន យ៉ាងស្រស់ស្អាតផងដែរ៕
