ឯកឧត្ដម ហេង សួរ លើកពីវឌ្ឍនភាពអនុសាសន៍ទាំង ៦ចំណុចដែលសម្ដេចធិបតី ណែនាំមកក្រសួងការងារ សម្រាប់អនុវត្តការងារចំពោះមុខ ក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងពីវឌ្ឍនភាពអនុសាសន៍ទាំង ៦ចំណុច ដែលសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឱ្យ ក្រសួងការងារ អនុវត្តនូវការងារចំពោះមុខ ក្នុងឆ្នាំ២០២៣ ។
តាមរយៈសុន្ទរកថានាថ្ងៃទី២១ វិច្ឆិកានេះ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្ដមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា វឌ្ឍនភាពអនុសាសន៍ទាំង ៦ចំណុចក្នុងឆ្នាំ២០២៣ ដូចខាងក្រោម៖
១. បងប្អូនកម្មករនិយោជិត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានសម្រេចបន្ថែមប្រាក់ឈ្នួលអប្បបរមា ចំនួន ២ដុល្លារ បន្ថែម លើ តួលេខ ២០២ដុល្លារ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន ២០៤ដុល្លារក្នុងមួយខែ សម្រាប់ឆ្នាំ២០២៤ បើទោះបីជាប្រទេសជាគូប្រកួតប្រជែងរបស់យើងមួយចំនួនមិនដំឡើងប្រាក់ឈ្នួលអប្បបរមាក៏ដោយ។ ប្រសិនជាបូករួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត បងប្អូនកម្មករនិយោជិត អាចទទួលបានជាប្រាក់ឈ្នួលចន្លោះពី ២២១ ទៅ ២៣២ដុល្លារ យ៉ាងតិចក្នុងមួយខែ ដែលជួយសម្រាលបន្ទុកខ្លះដល់បងប្អូនកម្មករនិយោជិត និងក្រុមគ្រួសារ។
២. សម្តេចធិបតី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ របបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការពង្រីកវិសាលភាពតាមរបបស្ម័គ្រចិត្តនេះ នឹងធ្វើឱ្យបងប្អូនកម្មករនិយោជិតអាចសន្សំថវិកាបានប្រមាណជា១៥ ទៅ ២០ដុល្លារក្នុងមួយខែ ក្នុងករណីដែលមិនមានរបបថែទាំសុខភាព។ តាមរយៈកម្មវិធីនេះ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុង បន្ទុកសមាជិក ប.ស.ស. រួមមា ន ប្តីឬប្រពន្ធ និងកូនក្នុងបន្ទុក អាចទទួលបានរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព ដោយគ្រាន់តែបង់ភាគទានត្រឹមតែ ១៥ ៦០០រៀល គឺបងប្អូនអាចទទួលបានសេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រនៅគ្រប់ពេទ្យដែលជាដៃគូរបស់ ប.ស.ស. បន្ថែមពីលើមន្ទីរពេទ្យរដ្ឋ។ បុគ្គលស្វ័យនិយោជន៍ ជាស្ត្រីដែលបង់ភាគទានបាន ៩ខែជាប់គ្នា នឹងទទួលបានប្រាក់បំណាច់លំហែមាតុភាព នៅពេលសម្រាលកូន និងវិភាជន៍ប្រាក់បូជាសព។
បេឡា ជាតិសន្តិសុខសង្គមនៃ ក្រសួង ការងារ និង បណ្តុះ បណ្តាល វិជ្ជាជីវៈ បានចុះយុទ្ធនាការតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ៨៤៧លើក ដែលមានអ្នកចូលរួមចំនួនជិត ២៨ម៉ឺននាក់ ហើយ នឹង បន្ត ការចុះយុទ្ធនាការ ឱ្យ បាន ចំនួន ៤ពាន់លើក ដើម្បីឱ្យទទួល ព័ត៌ មាន ដល់ ប្រជាជន ប្រមាណជិត ១,២លាននាក់។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះឈ្មោះសមាជិកផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសរុបបានចំនួន ៧៤ ៩១៣នាក់ក្នុងនោះបុគ្គលស្វ័យនិយោជន៍ចំនួន ៧៤ ៨៨៨នាក់ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២៥នាក់ ហើយមានអ្នកបានទៅប្រើប្រាស់សេវាចំនួន ៦ ៦៣៦ករណី និងចំណាយតាវការលិកអស់ទឹកប្រាក់ប្រមាណជាង ៣២៥លានរៀល ដោយចាប់តាំងពីថ្ងៃប្រកាសអនុវត្តរបបថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកមក ក្រសួងបានខិតខំសម្របសម្រួលបើកតាវការលិកជូនបងប្អូនជាសមាជិកដោយរលូន និងមិនទាន់ទទួលបាននូវបណ្តឹង ឬមានករណីដែលមិនទទួលបានតាវការលិកនោះទេ។
ការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្តនេះនឹង គ្របដណ្តប់ដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ប្រមាណជាង ៣លាននាក់បន្ថែម ដែលនឹងធ្វើឱ្យរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព នឹងគ្រប ដណ្តប់ ប្រជាជនសរុបប្រមាណជាង ៥លាននាក់។ ចំណែកកម្មវិធីរបបថែទាំសុខភាព តាមមូលនិធិសមធម៌សុខាភិបាលសម្រាប់គ្រួសារ ងាយរងហានិភ័យ នឹងគ្របដណ្តប់ដល់ប្រជាជនសរុបប្រមាណជាង ៤លាននាក់ ដែលតាមការអនុវត្តកម្មវិធីទាំងពីរនេះរួមបញ្ចូលគ្នា នឹងពង្រីកសេវាថែទាំសុខភាពបានដល់ប្រជាជន ចំនួនប្រមាណជាង ៩លាននាក់ ដែលដៃគូ និងមិត្តភក្ត្រជាច្រើនបានកោតសរសើរ និងអបអរសាទរចំពោះការឈានមុខរបស់កម្ពុជាក្នុងការឆ្ពោះទៅរកភាពគ្របដណ្តប់សុខភាពជាសកលនាពេលដ៏ខ្លីខាងមុខ។ សមិទ្ធិផលដ៏ថ្លៃថ្លា និងគួរជាទីមោទនៈមួយនេះគឺកើតមានឡើងដោយ សារមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដែលសម្តេចអគ្គមហាសេនា បតី ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានខិតខំកសាង ការពារ និងរក្សាជូនជាតិ និងមាតុភូមិកម្ពុជា នាពេលកន្លងទៅ និងកើតឡើងដោយសារការតាំងចិត្តដ៏មោះមុតក្នុងការការពារសមិទ្ធផលចាស់ និងបង្កើតសមិទ្ធផល និងមរតកថ្មីជូនជាតិរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។៣. សម្តេចធិបតី ក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ជាមួយកម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះផងដែរ។ កម្មវិធីនេះ នឹងធ្វើឱ្យ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ មានជីវភាពល្អ ប្រសើរឡើង ដោយរក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខ ខណ្ឌ ការងារល្អប្រសើរ និង ចា កផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកបំពេញបន្ថែមគ្នា ក្នុងការ ឈានឆ្ពោះទៅសម្រេចបាននូវ គោលដៅយុទ្ធសាស្ត្រទាំង៥ គឺកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ កម្មវិធីនេះ គឺប្រៀបដូចជាការបង្រៀនដល់យុវជនជាក្រុម គោលដៅឱ្យចេះ ស្ទូចត្រី បន្ថែមពីលើកម្មវិធីបើកផ្តល់សាច់ប្រាក់ដល់ក្រុមគ្រួសារក្រីក្រជាង៧០ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត ឬនិយាយមួយបែបថាកំពុងផ្តល់ត្រីជូនយុវជនជាក្រុមគោលដៅ និងក្រុមគ្រួសារពួកគាត់។
សិស្សដែលបានចុះឈ្មោះចូលរៀន នឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
ដើម្បីឱ្យកម្មវិធីនេះសម្រេចបានជោគជ័យពិតប្រាកដ ក្រសួងកំពុងខិតខំសម្រេចឱ្យបាននូវ បាវចនា ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី គឺត្រូវធ្វើយ៉ាងម៉េចឱ្យយុវជនយើងបានចូលរៀន រៀនឱ្យចប់ រៀនឱ្យចេះ និងឱ្យមានការងារធ្វើ ឬសង្ខេបដោយសាមញ្ញគឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមាន ការងារ»។
គិតត្រឹមថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៣ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok មានចំនួនអ្នកចែករំលែកប្រមាណ ៥ម៉ឺនដង និងចំនួនចូលទស្សនាប្រមាណជាង ១៥លានដង។ ក្រសួង ក៏បានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យចំនួន ១០លើក និងបានបណ្តុះបណ្តាលជនបង្គោល ឱ្យចេះប្រើប្រាស់ កម្មវីធីចុះឈ្មោះរៀន តាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធី បណ្តុះបណ្តាលនេះ បានចំនួន ១១វគ្គផងដែរ។ ក្នុងគោលបំណងជំរុញការចុះឈ្មោះចូលរៀនបន្ថែមទៀត ក្រសួងនឹងសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះតាមក្រុង ស្រុក ខណ្ឌ ដើម្បីជួបជាមួយនឹងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតាមក្រុង ស្រុក ខណ្ឌនីមួយៗ។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ អ្នកចុះឈ្មោះសរុបមានចំនួន ១ ៦០៨នាក់ (ស្រី ៥១៨នាក់) ក្នុងនោះ រាជធានីភ្នំពេញចំនួន ១ ០៣៤នាក់, បាត់ដំបង ១២១នាក់, ព្រះសីហនុ ៧៦នាក់, សៀមរាប ៦៨នាក់, កណ្តាល ៦៨នាក់និងបណ្ដាខេត្តផ្សេងៗចំនួន ២៤១នាក់។
៤. កាលពីថ្ងៃទី១១ ខែវិច្ឆិកា ក្រសួង ចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជក ចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងកម្មសិក្សាដើម្បីគាំទ្រដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដែលចាត់ទុកថាជាកិច្ចសហប្រតិបត្តិការបើកផ្លូវដើម្បីផ្សារភ្ជាប់ទ្រឹស្តីជាមួយនឹងការអនុវត្ត, ចូលរួមចំណែក ជួយកសាង អភិវឌ្ឍ និងពង្រឹងធនធានមនុស្សនៅកម្ពុជា, និងអាចឱ្យម្ចាស់រោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជននានាជ្រើសរើសក្នុងចំណោមអ្នកហាត់ការដែលស្គាល់ និងយល់ដឹងអំពីកន្លែងការងារស្រាប់ ធ្វើជាកម្មករនិយោជិត និងបុគ្គលិករបស់ខ្លួនតែម្តង។
៥. បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន, ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូនឱ្យបានល្អ និងកាន់តែមានភាពងាយស្រួល ដោយគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤៣៧ ០៤២នាក់ មានកូនចំនួន ៤២៦ ៦៧៨នាក់ ចំណាយ ថវិកាជិត៤៥លានដុល្លារ។ ស្របតាមគោលការណ៍ផ្តល់ប្រាក់ឧបត្ថម្ភថ្មីរបស់រាជរដ្ឋាភិបាល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ មានកម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១៨ ៧៧៤នាក់ កូនចំនួន ១៨ ៩០៧នាក់ ដោយបានទៅពិនិត្យសុខភាពមុន-ក្រោយសម្រាល ពេលសម្រាល និងចាក់វ៉ាក់សាំងសរុប ៥៨ ៧៦០នាក់ ដែលគ្រាន់ជិត៤ខែនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៦លានដុល្លារអាម៉េរិក ដែលនេះសរបញ្ជាក់ឱ្យឃើញពីការគិតគូរដល់ការលើកកម្ពស់សុខភាពមាតា និងកុមារតូច ក្នុងការរួមចំណែកដោះស្រាយបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារតូចតាំងពីកូននៅក្នុងផ្ទៃ រហូតដល់កូនអាយុ២ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតីរបស់កុមារតូច ព្រមទាំងជួយសម្រាលបន្ទុកចំណាយ បងប្អូនកម្មករនិយោជិត។៦. បានបង្កើតក្រុមការងារដើម្បីជំរុញធ្វើឱ្យ “សហគ្រាសមួយគឺជាសហគមន៍សុខសាន្តមួយ”
ដែលជាចលនាមួយដែលនឹងធ្វើឱ្យមានភាពសុខដុមរមនា និងប្រាស្រ័យទំនាក់ទំនងគ្នាល្អរវាង បងប្អូនកម្មករនិយោជិតជាមួយនឹងនិយោជករបស់ខ្លួន ដែលចំនុចនេះក្រសួងក៏បានដាក់ចេញនូវសកម្មភាពអាទិភាពមួយចំនួនសំដៅពង្រឹងយន្តការអធិការកិច្ចការងាពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចការងារ និងមន្ត្រីផ្សះផ្សារវិវាទការងារ ក៏ដូចជាពង្រឹង និងពង្រីកវិសាលភាពក្រុមប្រឹក្សាអាជ្ញា កណ្តាល ដែលជាយន្តការត្រីភាគី ក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជារបស់ អង្គការ ILO។ ក្រសួងបានកំពុងពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គមនានា សំដៅដាក់ចេញនូវយន្តការវាយតម្លៃ និងកំណត់លក្ខណវិនិច្ឆ័យ ដើម្បីប្រកាសយុទ្ធនាការប្រឡងប្រណាំងយកពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤នេះតទៅ ៕
